រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៥​ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៦

ប៉ៃលិន ២៨ មករា ២០១៦៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងឆ្លុះបញ្ចាំងនូវលទ្ធផលនៃការអនុវត្តរបស់រដ្ឋបាលខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីជំរុញឲ្យការអនុវត្តមុខងារ តាមតួនាទី ភារកិច្ចក្នុងសកម្មភាពអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកំណត់ទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០១៦ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ប៉ៃលិន ២៨ មករា ២០១៦៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងឆ្លុះបញ្ចាំងនូវលទ្ធផលនៃការអនុវត្តរបស់រដ្ឋបាល ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីជំរុញឲ្យការអនុវត្តមុខងារ តាមតួនាទី ភារកិច្ចក្នុងសកម្មភាពអភិវឌ្ឍមូលដ្ឋាន ព្រមទាំងកំណត់ទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០១៦ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

អង្គសន្និបាតមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុង ស្រុក មន្ត្រីរាជការស្ថាប័ន ជំនាញ កងកម្លាំងប្រដាប់អាវុធ  មេឃុំ ចៅសង្កាត់ស្មៀនឃុំ សង្កាត់ អង្គការសង្គមស៊ីវិល វិស័យឯកជនសរុបចំនួន ១៩៥ នាក់ (ស្ត្រី២៨នាក់)។

 

ជាលទ្ធផលអង្គសន្និបាតបានឯកភាពទាំងស្រុងលើសេចក្ដីព្រាងរបាយការណ៍របស់រដ្ឋបាលខេត្ត និងបានរកឃើញនូវបទពិសោធន៍ដូចជា៖

 –    ដើម្បីសម្រេចការងារបានជោគជ័យ រាល់ភារកិច្ចដែលថ្នាក់លើបានដាក់ចុះគឺត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដែលជាចំណុចចម្បងបំផុត រួមទាំងមានវប្បធម៌ចែករំលែក វប្បធម៌ជជែកពិភាក្សាតាមរយៈការប្រជុំខ្លីតាមសប្ដាហ៍ ឬតាមការចាំបាច់
–    ការបែងចែកលក្ខខ័ណ្ឌការងារជូនមន្រ្តី ទោះមន្រ្តីនោះមានមុខតំណែងជាបុគ្គលិកក៏ដោយ ក៏ត្រូវមានមុខងារច្បាស់លាស់សម្រាប់បំពេញការងារ ដែលនឹងធ្វើអោយសកម្មភាពការងាររបស់អង្គភាពនីមួយៗ មានភាពរស់រវើក ក្នុងការបំរើសេវាសាធារណៈបានល្អ
–    ការចុះធ្វើវេទិកាសាធារណៈ ដើម្បីទទួលយកសំនូមពររបស់ប្រជាពលរដ្ឋ មកប្រជុំពិនិត្យដោះស្រាយដែលជាផ្នែកមួយដ៏សំខាន់ នៃនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។ ជាក់ស្តែង ខេត្តប៉ៃលិនជាខេត្តកសិកម្ម ហើយការលក់ផលិតផលកសិកម្ម គឺជាចំណុចចម្បងរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបានទទួលសំណូមពរ ពីប្រជាកសិករ អំពីតម្លៃនៃផលិតផល បញ្ហាជញ្ជីង បញ្ហាចរាចរដឹកជញ្ជូនផលិតផល និងពីកង្វល់ផ្សេងៗរបស់ពួកគាត់ ។ រដ្ឋបាលខេត្តបានធ្វើការប្រជុំជាមួយអាជីវករផ្នែកឯកជន និងបានធ្វើសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តច័ន្ទបុរី ប្រទេសថៃ នាំអោយមានដំណោះស្រាយបានយ៉ាងល្អ ហើយដោះស្រាយបាននូវកង្វល់ទាំងនោះ
–    ការផ្តល់ការគាំទ្រពីរដ្ឋបាលថ្នាក់ជាតិ មកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅមូលដ្ឋាន ដូចជាការដោះស្រាយក្នុងឆ្នាំ២០១៥កន្លងទៅ របស់រដ្ឋ បាលខេត្តប្រកបដោយភាពជោគជ័យពាក់ព័ន្ធនឹង បញ្ហាទឹកកខ្វក់ដែលហូរចេញពីលានហាលដំឡូងមកក្នុងអូរធម្មជាតិ បញ្ហានាឡិកាវាស់ស្ទង់គីឡូភ្លើងឡើងខុសប្រក្រតី បញ្ហាទំនាស់ដីធ្លី បញ្ហាទឹកស្អាត និងបញ្ហាជាច្រើនទៀត សុទ្ធតែមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងស្ថាប័នពាក់ព័ន្ធ។

 

ជាមួយគ្នានេះដែរ អង្គសន្និបាតបានដាក់ចេញទិសដៅជាអាទិភាពរបស់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់អនុវត្តឆ្នាំ២០១៦ រួមមាន៖
–    រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ ដោយបង្កើតកម្លាំងរបស់គណៈបញ្ជាការឯកភាព សម្រាប់អន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង មកពីស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងកងប្រតិបត្តិការសឹករងខេត្ត ដែលមានទីបញ្ជាការនៅស្នងការនគរបាលខេត្ត
–    ជំរុញឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំដៅបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ
–    លើកកម្ពស់ការផ្តល់សេវាសាធារណៈ ពង្រឹងលក្ខខ័ណ្ឌការងារមន្រ្តី ការទទួលខុសត្រូវលើតួនាទី ភារកិច្ច ឲ្យកាន់តែប្រសើរឡើង
ពង្រឹងការរក្សាការពារបរិស្ថាន ធនធានធម្មជាតិឲ្យបានគង់វង្ស និងធ្វើឲ្យប្រសើរឡើងវិញ នូវធនធានដែលបានបាត់បង់កន្លងមក៕

ដោយ៖ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ប្រចាំខេត្តប៉ៃលិន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់