ព័ត៌មានវិទ្យា​មាន​តួនាទី​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១១ ធ្នូ ២០១៤៖ មន្ត្រីព័ត៌មានវិទ្យា ថ្នាក់រាជធានី ខេត្ត មានតួនាទី សំខាន់ណាស់ ក្នុងការគាំទ្រ ដល់ដំណើរការ ប្រព្រឹត្តទៅ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ លើផ្នែកព័ត៌មានវិទ្យា ជាពិសេស គាំទ្រផ្នែកបច្ចេកទេស បន្តដល់ មន្ត្រីព័ត៌មានវិទ្ យាថ្នាក់ក្រុង ស្រុក។

ភ្នំពេញ ១១ ធ្នូ ២០១៤៖ មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត មានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់ដំណើរការប្រព្រឹត្តទៅរបស់រដ្ឋបាលថ្នាក់ក្រោមជាតិលើផ្នែកព័ត៌មានវិទ្យា ជាពិសេសគាំទ្រផ្នែកបច្ចេកទេសបន្តដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុក។ នេះជាការលើកឡើងរបស់ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃនិងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តទាំង២៥ និងអ្នកពាក់ព័ន្ធសរុបចំនួន៣១នាក់។

 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍បន្តទៀតថា ផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២ នៃកម្មវិធីជាតិ (ផអ៣ ទី២ ២០១៥-២០១៧) ដែលនឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលខាងមុខគឺផ្ដោតសំខាន់ទៅលើការពង្រឹង និងការគាំទ្រលើការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ក្រុង ស្រុក តាមរយៈប្រព័ន្ធ នីតិវិធី និងយន្តការនានាដែលមានស្រាប់ និងជំរុញការផ្ទេរមុខងារ និងធនធានជាបណ្ដើរៗឲ្យទៅរដ្ឋបាលទាំងនោះ។ ដូច្នេះ មន្ត្រីព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុក រាជធានី ខេត្ត ត្រូវតែមាន និងព្យាយាមពង្រឹងសមត្ថភាព បច្ចេកទេសរបស់ខ្លួនបន្ថែមទៀតដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្ដម ជាម ប៉េអា បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងស្វែងយល់ពីចំណេះដឹងថ្មីៗបន្ថែមទៀតពីវគ្គបណ្ដុះបណ្ដាល ដើម្បីអាចមានលទ្ធភាពបណ្ដុះបណ្ដាលតម្រង់ទិសបន្តទៅថ្នាក់ក្រុង ស្រុក។ ឯកឧត្ដមក៏បានជំរុញឱ្យមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជាពិសេសខេត្តដែលមិនទាន់បង្កើតគេហទំព័រផ្ទាល់ខ្លួន ត្រូវពិភាក្សាជាមួយទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត នាយកផអ៣ ពិនិត្យលទ្ធភាពបង្កើតគេហទំព័ររបស់ខេត្ត ដើម្បីអាចផ្សព្វផ្សាយព័ត៌មានបានឆាប់រហ័ស។

 

តាមរយៈសិក្ខាសាលានេះសិក្ខាកាមបានយល់ដឹងបន្ថែមពីការរៀបចំគេហទំព័រសាលាខេត្ត បណ្ដាញកុំព្យូទ័រខ្នាតតូចសម្រាប់ ក្រុង ស្រុក ខណ្ឌ ស្វែងយល់បន្ថែមពីប្រព័ន្ធទិន្នន័យនានារបស់គ.ជ.អ.ប និងបានពិភាក្សាពីវិធីសាស្ត្រក្នុងការគាំទ្រផ្នែកបច្ចេកទេសដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់ក្រុង ស្រុកខណ្ឌនៅពេលខាងមុខ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់