កំពង់ធំ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការណែនាំអនុវត្តគម្រោង របស់គម្រោង (LASED II) ជូនដល់មន្ត្រីអនុវត្តគម្រោងនៅក្នុងខេត្តកំពង់ធំ នាថ្ងៃព្រហស្បតិ៍-សុក្រ ១១-១២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ។ ឯកឧត្តមបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II រួមជាមួយតំណាងនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) និងអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីនេះ ព្រមទាំងមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងនៅតាមមន្ទីរវិស័យពាក់ព័ន្ធសរុបប្រមាណជាង៣០រូប។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II បានមានប្រសាសន៍ជម្រាបទៅអ្នកចូលរួមថា បន្ទាប់ពីគម្រោងបានឯកភាពដំណើរការនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៦ ក្រុមការងារអនុវត្តគម្រោងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិបានចាប់ផ្តើម និងអនុវត្តសកម្មភាពទៅតាមគោលបំណងអភិវឌ្ឍន៍គម្រោង (PDO) និង សុចនាករដូចមានក្នុងសៀវភៅណែនាំអនុវត្តគម្រោង គោលការណ៍ណែនាំ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្ត គម្រោង LASED II បានលើកផែនការសកម្មភាពក្នុងឆ្នាំ ២០១៨ ពីការណែនាំអនុវត្ត “តាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង (PIM)” ដល់ក្រុមការងារថ្នាក់ក្រោមជាតិទាំង ៥ ខេត្ត ដោយក្នុងនោះខេត្តកំពង់ធំត្រូវបានគម្រោងជ្រើសរើសក្នុងការផ្តល់វគ្គបណ្តុះបណ្តាលមុនគេ ហើយខេត្ត៤ផ្សេងទៀតរួមមានខេត្តកំពង់ស្ពី ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នឹងត្រូវផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត។
គោលបំណងសំខាន់ៗនៃវគ្គបណ្តាលស្តីការណែនាំអនុវត្តគម្រោង (PIM) គឺដើម្បីបង្កើនការយល់ដឹង និងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងរបស់ក្រុមការងារថ្នាក់ក្រោមជាតិ ក្នុងខេត្តគោលដៅទាំង ៥ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពី៖
(១) គោលការណ៍សំខាន់ៗក្នុងសៀវភៅអនុវត្តគម្រោង
(២) នីតិវិធីសំខាន់ៗតាមជំនាញ និងផ្នែកនីមួយៗ
(៣) រចនាសម្ព័ន្ធគ្រប់គ្រង និងការទទួលខុសត្រូវក្នុងការអនុវត្តគម្រោង
នៅក្នុងវគ្គបណ្តុះនេះ ក្រុមការងារថ្នាក់ជាតិបានធ្វើបទបង្ហាញដល់ក្រុមការងារអនុវត្តគម្រោងនៅថ្នាក់ខេត្ត ដោយផ្សាភ្ជាប់រវាងទ្រឹស្តី និងគោលការណ៍ណែនាំក្នុងសៀវភៅស្តីពីការអនុវត្តគម្រោង ជាមួយនឹងការអនុវត្តជាក់ស្តែងកន្លងមក ដោយផ្តោតបន្ថែមទៅលើបច្ចេកទេសសំខាន់ៗតាមផ្នែកនីមួយៗ ដើម្បីបង្កើនការយល់ដឹងលើជំនាញរបស់ខ្លួន។ លើសពីនេះ វគ្គបណ្តុះបណ្តាលក៏បានបែងចែកក្រុមពិភាក្សា ដើម្បីសែ្វងរកចំណុចល្អ និងចំណុចមិនសូវល្អ ដែលមិនអាចអនុវត្តបាន ឬសំណូមពរកែសម្រួលផ្នែកណាមួយដើម្បីងាយស្រួលក្នុងការអនុវត្តបន្តទៀត៕