គម្រោង​សម្រាប់ ​កិច្ច​អភិវឌ្ឍ​ សមត្ថភាព​ ក្នុង​ការ​អនុវត្ត​ ច្បាប់​រៀបចំ​ អង្គការ​ នៅ​ថ្នាក់​រាជធានី ខេត្ត (PILAC2) រួម​ចំណែក ​យ៉ាង​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ ​នៅ​ក្នុង​កំណែ ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ

ភ្នំពេញ ១៦ មករា ២០១៥៖ សមិទ្ធផល ដែលគម្រោង សម្រាប់កិច្ចអភិវឌ្ឍ សមត្ថភាព ក្នុងការអនុវត្ត ច្បាប់រៀបចំអង្គការ នៅថ្នាក់រាជធានី ខេត្ត (PILAC2) សម្រេចបាន កន្លងមក គឺជាការរួមចំណែក យ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រ នៅក្នុងការ អនុវត្ត កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា តាមរយៈ ផ្ដល់ការគាំទ្រ ផ្នែកបច្ចេកទេស ក្នុងការ…

ភ្នំពេញ ១៦ មករា ២០១៥៖ សមិទ្ធផលដែលគម្រោងសម្រាប់កិច្ចអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2) សម្រេចបានកន្លងមក គឺជាការរួមចំណែកយ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រនៅក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា តាមរយៈផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេស ពាក់ព័ន្ធនឹងការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់រាជធានី ខេត្ត។ នេះជាការលើកឡើងរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោង PILAC2 នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី៥ (ចុងក្រោយ) របស់គម្រោង PILAC2 កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ដែលធ្វើឡើងដើម្បីត្រួតពិនិត្យវាយតម្លៃលើលទ្ធផលដែលសម្រេចបានរបស់គម្រោងទាំងមូល។

គម្រោង PILAC2 ត្រូវបានគាំទ្រដោយអង្គការ JICA ហើយចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១០ ដែលរហូតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំមកហើយ។

ឯកឧត្តម សក់ សេដ្ឋា ថ្លែងថា គម្រោង PILAC2បានគាំទ្រដល់ការរៀបចំលិខិតបទដ្ឋាន និងការសិក្សាស្រាវជ្រាវមួយចំនួនសម្រាប់គាំទ្រដល់ការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត និងការលើកកម្ពស់សមត្ថភាពជំនាញរបស់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបណ្ដុះបណ្ដាលទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការរៀនបណ្ដើរ ធ្វើបណ្ដើរ។

ឯកឧត្ដម សក់ សេដ្ឋា ថ្លែងបន្តថា បទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោងនេះ គឺការផ្លាស់ប្ដូរវិធីសាស្ត្រពីការផ្ដល់ការគាំទ្រតាមរយៈការចូលរួម ដោយផ្ទាល់ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៅក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនៅថ្នាក់រាជធានី ខេត្ត (ធ្វើឡើងឆ្នាំ២០១១) មកវិធីសាស្ត្រដែលគ្រូឧទ្ទេសរាជធានី ខេត្ត ក្រោយពីទទួលការបណ្ដុះបណ្ដាលនៅថ្នាក់ជាតិ ហើយត្រូវម្ចាស់ការដោយខ្លួនឯងក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនៅរាជធានី ខេត្ត នីមួយៗរបស់ខ្លួនសម្រាប់ទាំងក្រុមគោលដៅជាថ្នាក់ដឹកនាំរាជធានី ខេត្ត និងក្រុមគោលដៅជាមន្ត្រីជំនាញនៅរាជធានី ខេត្ត (ធ្វើឡើងឆ្នាំ២០១៤)។

លោក Takeharu Kojima តំណាងជាន់ខ្ពស់នៃការិយាល័យ JICA នៅកម្ពុជា បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានបង្កើតឲ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការអនុវត្តផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី១ (ផអ៣ទី១ ២០១១-២០១៤) និងផអ៣ទី២ (២០១៥-២០១៧) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកថ្លែងថា JICA បានអនុវត្តគម្រោង PILAC2 ជាមួយ គ.ជ.អ.ប ដើម្បីឲ្យក្រុមប្រឹក្សា និងមន្ត្រីនៅថ្នាក់រាជធានី ខេត្ត អាចកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ដែលបានចែងក្នុងច្បាប់រៀបចំអង្គការ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយជាកិច្ចការចាំបាច់របស់ក្រុមប្រឹក្សារាជធានី ខេត្តក្នុងការកសាង និងគ្រប់គ្រងផែនការ និងកម្មវិធីវិនិយោគនេះ។

លោកថ្លែងបន្តថា គម្រោង PILAC2 នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ មិនមែនជាការ បញ្ចប់សហប្រតិបត្តិការនោះទេ។ JICA នឹងនៅតែបន្តធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ វាអាស្រ័យលើ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការតាំងចិត្តលើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕ NCDDS

ការចុះហត្ថលេខាលើរបាយការណ៍វាយតម្លៃបញ្ចប់គម្រោង PILAC2 រវាងតំណាង JICA (លោក Takeharu Kojima) និងតំណាងរាជរដ្ឋាភិបាលកម្ពុជា (ឯកឧត្តម សក់ សេដ្ឋា)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់