ខេត្តក្រចេះ៖ នៅព្រឹក ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (Project Implementation Database) ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់ការអនុវត្តប្រព័ន្ធទិន្នន័យព័ត៌មាននៃការអនុវត្តគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលដែលប្រព្រឹត្តឡើងនៅទីរួមខេត្តក្រចេះ កញ្ញា ផាន ស្រីរ័ត្ន តំណាងឯកឧត្តមប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានការិយាល័យព័ត៌មានវិទ្យា នៃលេខាធិការដ្ឋានគ.ជ.អ.ប បានស្វាគមន៍លោក លោកស្រីជាមន្រ្តីបង្គោលប្រព័ន្ធទិន្ន័យថ្នាក់រាជធានី ខេត្តប្រមាណ ៦០រូបដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធទិន្ន័យនៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នាឱកាសនេះ។
កញ្ញា ផាន ស្រីរ័ត្ន បានថ្លែងថា ដើម្បីធានា និងរក្សានិរន្តភាពប្រព័ន្ធទិន្ន័យនៅរដ្ឋបាលថ្នាក់ក្រោមជាតិលេខាធិការដ្ឋានគ.ជ.អ.ប បានស្នើសុំឱ្យមានការចាត់តាំងមន្រ្តីបង្គោលថ្មីដែលទទួលបន្ទុកប្រព័ន្ធទិន្ន័យនីមួយៗថ្នាក់រាជធានី ខេត្ត។ កញ្ញាបានបន្ថែមថា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប មិនមែនមានតែប្រព័ន្ធទិន្ន័យ PID តែមួយនោះទេ គឺយើងមានប្រព័ន្ធទិន្ន័យសរុបចំនួន០៧ រួមមាន៖
-
ប្រព័ន្ធទិន្នន័យផែនការ ថវិកាប្រចាំឆ្នាំ (NAD)
-
ប្រព័ន្ធទិន្នន័យគ្រប់គ្រងសារពើភណ្ឌថ្នាក់ជាតិ (NID)
-
ប្រព័ន្ធទិន្នន័យការអនុវត្តគម្រោងឃុំ សង្កាត់ (PID)
-
ប្រព័ន្ធទិន្នន័យការប្រកាសដេញថ្លៃគម្រោង ក្រុង ស្រុក (DMK Bid)
-
ប្រព័ន្ធទិន្នន័យការប្រកាសដេញថ្លៃគម្រោង ឃុំ សង្កាត់ (CS Bid)
-
ប្រព័ន្ធទិន្នន័យតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ (DMK M&E)
-
ប្រព័ន្ធទិន្នន័យត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម (ISAF M&E Database System)។
លើសពីនេះទៀត កញ្ញាបានរំលឹកថា លេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានរៀបចំវគ្គបណ្តុះបណ្តាលប្រព័ន្ធទិន្ន័យទាំង០៧ ជូនដល់លោកលោកស្រីមន្រ្តីបង្គោលទទួលបន្ទុកប្រព័ន្ធទិន្ន័យ កាលពីថ្ងៃ២៧ ដល់៣១
ខែសីហា នៅខេត្តកំពង់ចាម។ ដោយឡែក វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្ន័យការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់នាឱកាសនេះ ក្នុងគោលបំណងរំលឹក ក៏ដូចជាបន្ថែមការយល់ដឹងដល់លោក លោកស្រីឱ្យកាន់តែច្បាស់ និងលម្អិតបន្ថែមទៀត។
កញ្ញា ផាន ស្រីរ័ត្ន បានបញ្ជាក់ថា៖“ប្រព័ន្ធទិន្ន័យទាំងអស់នេះ គឺរៀបចំឡើងដើម្បីជួយសម្រួលដល់ការងារលោក លោកស្រីក្នុងការតាមដានព័ត៌មានគម្រោង ព័ត៌មានរបស់កិច្ចសន្យា៕ល៕ នៅពេលដែលថ្នាក់ដឹកនាំលោកត្រូវការតាមដានពីវឌ្ឍនភាពគម្រោងគឺ យើងអាចពិនិត្យ (Check) ជូនគាត់បានភ្លាមដោយមិនចាំបាច់ចំណាយពេលទៅស្វែងរកឯកសារ (Hard copy)”។
ឆ្លៀតក្នុងឱកាសនេះ កញ្ញាបានលើកទឹកចិត្តមន្ត្រីបង្គោលទាំងអស់ឱ្យសាកសួរទៅគ្រូឧទ្ទេសថ្នាក់ជាតិប្រសិនមានជួបបញ្ហាប្រឈមផ្សេងៗ ទាក់ទងទៅបច្ចេកទេសក្នុងការបញ្ចូល ឬមិនច្បាស់ត្រង់កន្លែងណាមួយ។ ជាងនេះទៀត កញ្ញាបានសំណូមពរដល់លោកគ្រូឧទ្ទេសថ្នាក់ជាតិជួយពន្យល់ឱ្យលម្អិតនិងស៊ីជម្រៅជូនដល់សិក្ខាកាម ដើម្បីឱ្យពួកគាត់អាចបញ្ចូលទិន្ន័យបានត្រឹមត្រូវ និងទាន់ពេលវេលា។
ជាចុងបញ្ចប់ កញ្ញាបានជូនពរឱ្យសិក្ខាសាលាដែលរៀបចំឡើងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧–២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះមានលទ្ធផលពិភាក្សាយ៉ាងផុលផុសពីសំណាកការចូលរួមយោបល់របស់សិក្ខាកាមទាំងអស់។
សូមជម្រាបជូនថា ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងឃុំសង្កាត់ (Project Implementation Database) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣។ PID ជាប្រភេទ Desktop Application ប្រើកម្មវិធី MS Access សម្រាប់កត់ត្រាគម្រោងមូលនិធិឃុំសង្កាត់ កម្មវិធីនេះបង្កើតឡើង សម្រាប់ឱ្យអង្គភាព រដ្ឋបាល មូលដ្ឋាន និងទីប្រឹក្សាពាក់ព័ន្ធនានា កត់អំពី ការដេញថ្លៃ លទ្ធផលនៃកិច្ចសន្យា ការផ្ទៀតផ្ទាត់ និងគម្រោង ដែលមិនមានភាពប្រក្រតីនានា សម្រាប់ធ្វើការពិនិត្យឡើងវិញ។ ការបញ្ចូលទិន្នន័យធ្វើឡើងតាមប្រព័ន្ធ Internet នៅថ្នាក់ខេត្ត រាជធានី តាមរយៈអាសយដ្ឋាន http://db.ncdd.gov.kh/pid ៕