កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​រួម​ (JCC)​ លើក​ទី​៦ ​ស្តីពី​ការវាយតម្លៃ​បញ្ចប់​ គម្រោង​រួមគ្នា​សម្រាប់​គម្រោង ​បញ្ជ្រាប​យេនឌ័រ​ដំណាក់កាល​ទី​២

ភ្នំពេញ ១៩ កុម្ភៈ ២០១៥៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ប្រទេសជប៉ុន (JICA) លើគម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២(PGM2) ដែលចាប់ផ្ដើមដំណើរការសាកល្បងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥ រួចមក គម្រោងនឹងត្រូវបានបញ្ចប់ នាចុងឆ្នាំ២០១៥នេះ ហើយដើម្បីឲ្យដឹងពី…

 

ភ្នំពេញ ១៩ កុម្ភៈ ២០១៥៖ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងកិច្ចការនារី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ប្រទេសជប៉ុន (JICA) លើគម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២(PGM2) ដែលចាប់ផ្ដើមដំណើរការសាកល្បងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥ រួចមក គម្រោងនឹងត្រូវបានបញ្ចប់ នាចុងឆ្នាំ២០១៥នេះ ហើយដើម្បីឲ្យដឹងពីលទ្ធផលដែលទទួលបានពីការអនុវត្តគម្រោងនេះ ក្រសួងកិច្ចការនារី រួមនិងទីភ្នាក់ងារ JICA ជប៉ុន បានបើកកិច្ចប្រជុំរួមគ្នានេះឡើង ដើម្បីពិភាក្សាវាយតម្លៃលើលទ្ធផលដែលទទួលបានពីការអនុវត្តរយៈពេល៥ឆ្នាំនៃគម្រោងនេះ។

 

កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៧ កុម្ភៈ នៅសណ្ឋាគារភ្នំពេញ ក្រោមវត្តមានចូលរួមលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ច ការនារី អ៊ឹង កន្ថាផាវី និងលោក តាកេហារុ កូជិម៉ា តំណាងជាន់ខ្ពស់JICAប្រចាំកម្ពុជា និងក្រុមការងារអនុវត្តគម្រោងជាច្រើនទៀត។

 

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងពីគោលបំណងនៃកិច្ចប្រជុំនេះថា គឺដើម្បីចែករំលែកនូវ វឌ្ឍនភាពនៃសកម្មភាពគម្រោងសាកល្បងរយៈពេល៥ឆ្នាំមក និងលទ្ធផលនៃការវាយតម្លៃបញ្ចប់គម្រោងរួមគ្នានេះ។

 

គម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២នេះ ផ្តោតជាសំខាន់លើការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដែលជាយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងកិច្ចការនារី ផែនការយុទ្ធសាស្ត្រនារីរតនៈ ហើយគម្រោងនេះ ក៏មានគម្រោងបង្កើតប្រព័ន្ធប្រតិបត្តិ ដែលមានប្រសិទ្ធភាពសម្រាប់អនុវត្តសកម្មភាពផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងចំណោមក្រសួងដៃគូចំនួន៦ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម, ក្រសួង ពាណិជ្ជកម្ម,ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ,ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងផែនការ ដែលក្រសួងកិច្ច ការនារី មានតួនាទីជាអ្នកសម្របសម្រួលក្នុងការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ។

 

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលរួម ដែលហៅកាត់ថា (JCC) នេះ ត្រូវមានកិច្ចប្រជុំយ៉ាងហោចណាស់ក្នុង១ឆ្នាំម្តង និងនៅពេលចាំបាច់ណាមួយ ហើយមុខងាររបស់គណៈកម្មាធិការនេះ រួមមាន៖ ១. អនុម័តលើផែនការប្រចាំឆ្នាំរបស់គម្រោង ផ្អែកតាមផែនការប្រតិបត្តិនៅក្នុងក្របខ័ណ្ឌកំណត់ហេតុនៃកិច្ចពិភាក្សា ២. វាយតម្លៃលើលទ្ធផលនៃផែនការប្រចាំឆ្នាំ និងវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការបច្ចេកទេស ៣.ពិនិត្យឡើងវិញ និងធ្វើការផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗមួយចំនួនដែលកើតឡើងអំឡុងពេលអនុវត្តន៍គម្រោង ហើយគណៈកម្មាធិការនេះដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានសមាជិកដែលជាតំណាងមកពី ក្រសួង មន្ទីរពាក់ព័ន្ធ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍បាយ័ន ៖ http://edition.bayontv.com.kh/bayontv-national-news/38709-v.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់