សំណូមពរ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ដោះស្រាយ​ ក្នុង​វេទិកា​ផ្សព្វផ្សាយ​របស់​ក្រុមប្រឹក្សា​ខេត្ត​

បន្ទាយមានជ័យ ១៣ វិច្ឆិកា ២០១៤៖ បញ្ហាជួយរកទីផ្សារស្រូវ បច្ចេកទេសដាំដុះស្រូវ ការកសាង ប្រឡាយទឹក អគារសិក្សា ការជួសជុលផ្លូវថ្នល់ ការរៀបចំបណ្តាញអគ្គីសនីឱ្យបានត្រឹមត្រូវជាចំណុច សំខាន់ដែលប្រជាពលរដ្ឋនៅក្នុងក្រុង សិរីសោភ័ណ និងស្រុកមង្គលបូរីបានលើកឡើងជាតម្រូវការ…

បន្ទាយមានជ័យ ១៣ វិច្ឆិកា ២០១៤៖ បញ្ហាជួយរកទីផ្សារស្រូវ បច្ចេកទេសដាំដុះស្រូវ ការកសាងប្រឡាយទឹក អគារសិក្សា ការជួសជុលផ្លូវថ្នល់ ការរៀបចំបណ្តាញអគ្គីសនីឱ្យបានត្រឹមត្រូវជាចំណុចសំខាន់ ដែលប្រជាពលរដ្ឋនៅក្នុងក្រុង សិរីសោភ័ណ និងស្រុកមង្គលបូរីបានលើកឡើង ជាតម្រូវការចាំបាច់ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៤ នៅសាលាក្រុងសិរីសោភ័ណ្ឌ។

ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យដែលជាអធិបតី ក្នុងពិធីនោះ បានធ្វើការឆ្លើយតប និងទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើការដោះស្រាយដោយជំរុញឱ្យអង្គភាពពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យធ្វើការទៅតាមជំនាញជូនដល់ប្រជាពលរដ្ឋឱ្យអស់លទ្ធភាពដែលមាន។


ឯកឧត្តម អ៊ុង អឿន បានថ្លែងថា ក្រុមប្រឹក្សាខេត្តបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺដើម្បីផ្តល់ព័ត៌មានដល់ ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលក្នុងការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៤ និងការរៀបចំផែនការសកម្មភាពឆ្នាំ២០១៥ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានាពេលនេះ។

ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលខេត្តនឹងយកចិត្តទុកដាក់ ប្រឹងប្រែងដោះស្រាយ និងឆ្លើយតបទៅនឹងសំណួរ និងសំណូមពរ បញ្ហា ប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងដាក់បញ្ចូលរាល់សំណូមពរ និងបញ្ហាប្រឈមជាអាទិភាពក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុមប្រឹក្សាខេត្ត ជាពិសេសលើកកម្ពស់គុណភាពការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ប្រកបដោយសុភមង្គល៕ ដោយ៖ ឈុន សារ៉ាត

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់