ការ​បន្ថែម​របប​សន្តិសុខ​សង្គម​នឹង​អនុវត្ត​ចាប់​ពី​ខែ​មេសា​ ឆ្នាំ​២០១៥​នេះ​តទៅ​

ភ្នំពេញ ០៩ មេសា ២០១៥៖ ការបន្ថែមរបបសន្តិសុខសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធ ជនប្រចាំខែបច្ចុប្បន្នលើតាវកាលិក ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាពនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះតទៅ…

ភ្នំពេញ ០៩ មេសា ២០១៥៖ ការបន្ថែមរបបសន្តិសុខសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធ ជនប្រចាំខែបច្ចុប្បន្នលើតាវកាលិក ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាពនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះតទៅ។

 

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបន្ថែមរបបសន្តិសុខ សង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ដែលមាន៦មាត្រា បានគូសបញ្ជាក់ថា របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជននឹងត្រូវបន្ថែមទៅតាមកម្រិតចំនួន៦ ដូចជា ៖ កម្រិត១-របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាង ឬស្មើ ២៧០.០០០រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម៣០០.០០០រៀលក្នុងមួយខែ ។ កម្រិត២-របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចន្លោះពី២៧០.០០១ រៀល ដល់៣៩៥. ០០០ រៀលត្រូវផ្តល់ជូនបន្ថែមចំនួន៣០.០០០ រៀលក្នុងមួយខែ។ កម្រិត៣-របប សន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចន្លោះពី៣៩៥.០០១ រៀល ដល់ត្រឹម៤០០. ០០០ រៀល ត្រូវបន្ថែមដល់៤២៥.០០០ រៀលក្នុងមួយខែ ។

 

កម្រិត៤-របបសន្តិ សុខសង្គមប្រចាំខែបច្ចុប្បន្នចន្លោះ ពី៤០០.០០១រៀល ដល់៤៩៥.០០០រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ២៥.០០០ រៀល ក្នុងមួយខែ។ កម្រិត៥- របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចន្លោះពី៤៩៥.០០១រៀល ដល់៥០០.០០០រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម៥២០.០០០ រៀល ក្នុងមួយខែ និងកម្រិត៦-របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី៥០០.០០១រៀលឡើងទៅ ត្រូវផ្តល់ជូនបន្ថែមចំនួន២០. ០០០រៀល ក្នុងមួយខែ។

 

ក្នុងអនុក្រឹត្យក៏បានបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយដែលបានរៀបរាប់ខាងលើ នឹងមិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ ។ ទន្ទឹមនឹងនេះការកែប្រែកម្រិតរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជ ការស៊ីវិល និងអតីតយុទ្ធជនត្រូវធ្វើឡើងដោយអនុក្រឹត្យ បន្ទាប់ពីការពិគ្រោះ យោបល់រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ។

 

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះនិវត្តន៍ជន និងជនបាត់ បង់សម្បទាវិជ្ជាជីវៈដែលជាអតីតមន្ត្រីរាជការស៊ីវិល និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតយុទ្ធជន និងរបបសន្តិសុខសង្គមប្រចាំខែលើតាវកាលិកការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់ សមត្ថភាពការងារ និងពិការភាព៕ ដោយ៖លោកស្រី ទេស ច័ន្ទសុធារី

ដកស្រង់ចេញពីគេហទំព័រAKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់