ក្រសួង​មហាផ្ទៃ បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​រាជធានី ខេត្ត ស្តីពី​ការ​រៀបចំ​គម្រោង​រាជធានី ខេត្ត

កំពង់ចាម ៦ សីហា ២០១៤៖ ក្រសួងមហាផ្ទៃ បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំ គម្រោងរាជធានី ខេត្ត ដល់មន្ត្រីជំនាញ នៃរដ្ឋបាល ថ្នាក់រាជធានី ខេត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០១៤ ដើម្បីឲ្យ រដ្ឋបាលរាជធានី ខេត្ត អាចរៀបចំ គម្រោងអភិវឌ្ឍន៍របស់ខ្លួន ដំណើរការ ស្របតាមនីតិវិធី ត្រឹមត្រូវ និងធានាបាននូវប្រសិទ្ធភាព និងតម្លាភាព។


កំពង់ចាម ៦ សីហា ២០១៤៖ ក្រសួងមហាផ្ទៃ បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត ដល់មន្ត្រីជំនាញនៃរដ្ឋបាលថ្នាក់រាជធានី ខេត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០១៤ ដើម្បីឲ្យរដ្ឋបាលរាជធានី ខេត្ត អាចរៀបចំគម្រោងអភិវឌ្ឍន៍របស់ខ្លួនដំណើរការស្របតាមនីតិវិធីត្រឹមត្រូវ និងធានាបាននូវប្រសិទ្ធភាព និងតម្លាភាព។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម ដែលមានការចូលរួមពីមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៨៧នាក់ (ស្ត្រី១៥នាក់) ដែលរួមមាន៖ មន្ត្រីនៃទីចាត់ការផែនការ និងវិនិយោគនៃសាលារាជធានី ខេត្ត ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព និងទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធទាំង២៥រាជធានី ខេត្ត។

នៅក្នុងអាណត្តិទី២ នៃក្រុមប្រឹក្សារាជធានី ខេត្ត (២០១៤-២០១៩) ក្រុមប្រឹក្សារាជធានី ខេត្តត្រូវរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលកំណត់ដោយអនុក្រឹត្យ ដើម្បីធ្វើការអភិវឌ្ឍរាជធានី ខេត្តរបស់ខ្លួន និងផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព សមធម៌ និងគណនេយ្យភាព។

ការរៀបចំគម្រោងរាជធានី ខេត្ត គឺយោងទៅលើផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលអនុម័តដោយក្រុមប្រឹក្សារាជធានី ខេត្តនីមួយៗ។

វគ្គបណ្តុះបណ្តាលនៅពេលនេះនឹងបង្កើននូវចំណេះដឹង ជំនាញ និងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំគម្រោងរាជធានី ខេត្តឲ្យមានប្រសិទ្ធភាព។

ខ្លឹមសារមេរៀនសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះ រួមមាន៖

  • ការរៀបចំគម្រោងរាជធានី ខេត្ត
  • តួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ
  • ទុនចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន
  • បញ្ជីតម្លៃសម្ភារៈស្តង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ
  • ការបំពេញទម្រង់ព័ត៌មានគម្រោង
  • គោលការណ៍ណែនាំសម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង
  • កិច្ចសហប្រតិបត្តិការ និងការថែទាំគម្រោង
  • គោលការណ៍ណែនាំស្តីពីការវិភាគផលប៉ះពាល់បរិស្ថាន
  • គោលការណ៍ណែនាំស្តីពីការសិក្សាដីធ្លី
  • គោលការណ៍ណែនាំស្តីពីសុវត្ថិភាពជនជាតិដើមភាគតិច

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៤ ដល់ប្រធានក្រុមប្រឹក្សា អភិបាល និងនាយករដ្ឋបាលរាជធានី ខេត្ត ចំនួន៧៥ រូប តាមរយៈសិក្ខាសាលារយៈពេល១ថ្ងៃ ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ដើម្បីឲ្យថ្នាក់ដឹកនាំរាជធានី ខេត្ត មានការកើនឡើងនូវការយល់ដឹងអំពីការរៀបចំគម្រោងរាជធានី ខេត្ត ដើម្បីធានាឲ្យការរៀបចំគម្រោងរាជធានី ខេត្ត ប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់