សៀវភៅ​ណែនាំ​ស្តីពី​ការ​រៀបចំ​គម្រោង​រាជធានី ខេត្ត ត្រូវ​បាន​ផ្សព្វផ្សាយ

ភ្នំពេញ ១ សីហា ២០១៤៖ សៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៤ ដោយ គ.ជ.អ.ប ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។


ភ្នំពេញ ១ សីហា ២០១៤៖ សៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៤ ដោយ គ.ជ.អ.ប ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។

អ្នកចូលរួមចំនួន ៧៥ រូប ដែលរួមមាន ប្រធានក្រុមប្រឹក្សា អភិបាល និងនាយករដ្ឋបាលរាជធានី ខេត្ត ទាំង២៥ បានចូលរួម ក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពីសៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត នេះ រយៈពេល១ថ្ងៃ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលាផ្សព្វផ្សាយស្តីពីសៀវភៅណែនាំ ធ្វើឡើងដើម្បីឲ្យថ្នាក់ដឹកនាំរាជធានី ខេត្ត ដែលបានចូលរួម វគ្គបណ្ដុះបណ្ដាល មានការកើនឡើងនូវការយល់ដឹងអំពីការរៀបចំគម្រោងរាជធានី ខេត្ត ដើម្បីធានាឲ្យការរៀបចំគម្រោងរាជធានី ខេត្ត ប្រកបដោយ ប្រសិទ្ធភាព។

 

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា សៀវភៅណែនាំស្តីពី ការរៀបចំគម្រោងរាជធានី ខេត្ត គឺជាឯកសារ ដែលបង្ហាញពីនីតិវិធី និង ដំណើរការ ក្នុងការរៀបចំគម្រោងរាជធានី ខេត្ត មានភាពច្បាស់លាស់ មានតម្លាភាព មានការចូលរួម មានការយកចិត្តទុកដាក់ ពីផលប៉ះពាល់ដល់ជនជាតិដើមភាគតិច ស្ត្រី កុមារ និងជនងាយរងគ្រោះ ស្របតាមគោលការណ៍ នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងបានបញ្ចូលនូវទស្សនៈនៃការអភិវឌ្ឍប្រកបដោយចិរភាព មានចក្ខុវិស័យច្បាស់លាស់ មានការសិក្សាអំពីផលប៉ះពាល់ និងការថែទាំលទ្ធផលគម្រោង រួមទាំងចំណាយប្រតិបត្តិការផង។

ឯកឧត្តម សក់ សេដ្ឋា ស្នើឲ្យអ្នកចូលរួម ក្នុងសិក្ខាសាលា ផ្សព្វផ្សាយពីសៀវភៅនេះ ធ្វើការផ្សព្វផ្សាយបន្តដល់គ្រប់មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធទាំងអស់នៅរាជធានី ខេត្ត និងមន្ត្រី ទីចាត់ការពាក់ព័ន្ធ នៃសាលារាជធានី ខេត្ត សាមីខ្លួន ព្រមទាំង ណែនាំ និងពង្រឹង តួនាទី ភារកិច្ច របស់ទីចាត់ការ ដែលទទួល អាណត្តិ ការងារស្របតាមច្បាប់ ឲ្យជា អ្នកទទួល ខុសត្រូវ និងចាត់ចែង អនុវត្ត កិច្ចការនេះ។

ដើម្បីធានាឲ្យការអនុវត្តគម្រោងរាជធានី ខេត្ត មានការឆ្លើយតប ទៅនឹងតម្រូវការជាអាទិភាព របស់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជា ធានានូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ឯកឧត្តម សក់ សេដ្ឋា បានស្នើឲ្យរដ្ឋបាលរាជធានី ខេត្ត អនុវត្ត ឲ្យបានត្រឹមត្រូវតាមនីតិវិធីនានា ដែលមានចែងក្នុងសៀវភៅណែនាំ ស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត នេះ ឲ្យបានហ្មត់ចត់ ក្នុងគោលដៅធានានូវបទដ្ឋានបច្ចេកទេស និងគុណភាពនៃគម្រោង។

ឯកឧត្តម បានណែនាំថា ក្នុងករណីគម្រោងរាជធានី ខេត្ត ពុំទាន់បានធ្វើការប្រកាសជូនដំណឹងសម្រាប់ការដេញថ្លៃ ត្រូវអនុវត្ត តាមគោលការណ៍ និងនីតិវិធីខាងលើនេះ រួមទាំងគម្រោងដែលទទួលបានឥណទានថវិកាចុងឆ្នាំក៏ដោយ។ ទន្ទឹមនឹងនេះ ក្នុងការ រៀបចំគម្រោងនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវសម្របសម្រួល និងបន្ស៊ីគ្នាជាមួយនឹងគម្រោងរបស់រដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធ ដើម្បីធានាថា ការអនុវត្តគម្រោងរបស់រដ្ឋបាលទាំង២ថ្នាក់នេះ បានជួយបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍមូលដ្ឋាន។

កាលពីខែឧសភា ឆ្នាំ២០១៤ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ហើយក្រុមប្រឹក្សាទាំងនោះត្រូវបានប្រកាសចូលកាន់ដំណែងរួចរាល់ហើយ ដែលបន្ទាប់មក នឹងត្រូវរៀបចំផែនការ អភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់រាជធានី ខេត្ត ដែលកំណត់ដោយអនុក្រឹត្យ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងបម្រើ សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ។ ការរៀបចំគម្រោងរាជធានី ខេត្ត នេះគឺជាការឆ្លើយតបទៅនឹងការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់រាជធានី ខេត្ត របស់ក្រុមប្រឹក្សាទាំងនោះ។

ឯកឧត្តម សក់ សេដ្ឋា បានស្នើឲ្យអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ចាំបាច់ត្រូវពង្រឹងសមត្ថភាព និងបច្ចេកទេស ក្នុងការត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តគម្រោងរបស់រាជធានី ខេត្ត ឲ្យបានហ្មត់ចត់ និងត្រឹមត្រូវតាមច្បាប់ ដើម្បីចូលរួមចំណែក ធានាឲ្យការអនុវត្តគម្រោងរាជធានី ខេត្ត ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសៀវភៅណែនាំអំពីការរៀបចំគម្រោងរាជធានី ខេត្ត រយៈពេល១ថ្ងៃនេះ អ្នកចូលរួម បានស្ដាប់នូវ ការធ្វើបទបង្ហាញ ដោយគ្រូឧទ្ទេស ដែលបានលើកយកប្រធានបទសំខាន់ៗមួយចំនួនទាក់ទងនឹងសៀវភៅណែនាំនេះ ដូចជា៖

  • ទិដ្ឋភាពទូទៅនៃគម្រោងរាជធានី ខេត្ត
  • កិច្ចដំណើរការនៃការរៀបចំគម្រោងរាជធានី ខេត្ត ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការរៀបចំ គម្រោងរាជធានី ខេត្ត
  • គោលការណ៍ និងនីតិវិធីនានាសម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង ការសិក្សាផលប៉ះពាល់បរិស្ថាន ដីធ្លី និងជនជាតិដើម ភាគតិច រួមទាំងការថែទាំគម្រោង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់