Pact៖ ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​អភិបាល​កិច្ច​មូលដ្ឋាន​ប្រសើរ​ជាង​មុន

ភ្នំពេញ ៣០ ធ្នូ ២០១៥៖ អង្គការ Pact កម្ពុជា បានរកឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអភិបាលកិច្ចមូលដ្ឋាន មានភាពប្រសើរឡើងជាងមុនបើប្រៀបធៀបនឹងឆ្នាំមុនៗ នៅក្នុងក្រុង ស្រុក គោលដៅចំនួន៨ របស់គម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង…

ភ្នំពេញ ៣០ ធ្នូ ២០១៥៖ អង្គការ Pact កម្ពុជា បានរកឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអភិបាលកិច្ចមូលដ្ឋាន មានភាពប្រសើរឡើងជាងមុនបើប្រៀបធៀបនឹងឆ្នាំមុនៗ នៅក្នុងក្រុង ស្រុក គោលដៅចំនួន៨ របស់គម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (PROCEED)។

លោក ហ្សាក សែនធើ ប្រធានអង្គការ Pact កម្ពុជា ឲ្យដឹងថា ប្រជាពលរដ្ឋមានការយល់ដឹងអំពីការចូលរួមក្នុងអភិបាលកិច្ចមូលដ្ឋានក្នុងសកម្មភាព តួនាទី ភារកិច្ច និងការបំពេញការងារក្រុមប្រឹក្សាក្រុង ស្រុក និងសិទ្ធិអំណាចរបស់ពួកគេ បានច្រើនជាងមុន។

នៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង PROCEED នៅថ្ងៃទី៣០ ធ្នូ នេះ លោក ហ្សាក សែនធើ ថ្លែងថា នៅមុនពេលចាប់ផ្តើមអនុវត្តគម្រោងនេះ (៨ក្រុង ស្រុក ក្នុង៤ខេត្ត) ប្រជាពលរដ្ឋមានការចូលរួមតិចតួច។ តែរយៈពេល៣ឆ្នាំក្រោយមក ពលរដ្ឋបានចូលរួមក្នុងការងារអភិបាលកិច្ចមូលដ្ឋានបានច្រើនជាងមុន។ ក្រុមប្រឹក្សាក្រុង ស្រុកមានការបើកចំហ។ ទំនាក់ទំនងរវាងក្រុមប្រឹក្សា និងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាមានភាពប្រសើរឡើង។

ទោះបីជាមានភាពប្រសើរឡើងក្តី លោក ថ្លែងថា ប្រជាពលរដ្ឋមិនទាន់ពេញចិត្តទាំងស្រុងនោះទេ ចំពោះការឆ្លើយតបរបស់ក្រុមប្រឹក្សាក្រុង ស្រុក ទៅនឹងសេចក្ដីត្រូវការរបស់ពួកគេ។ ទោះបីពលរដ្ឋមិនទាន់ពេញចិត្តទាំងស្រុងក្តី នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ និងផ្លូវវែងឆ្ងាយទៅមុខទៀតដើម្បីបំពេញសេចក្ដីត្រូវការ និងដំណោះស្រាយជូនពួកគេ។

ទាក់ទងនឹងកិច្ចការនេះ ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងថា ការចូលរួមក្នុងសកម្មភាពអភិបាលកិច្ចមូលដ្ឋានមានការប្រែប្រួលជាងមុន។  ប្រជាពលរដ្ឋមានភាពក្លាហានជាងមុនក្នុងការបញ្ចេញមតិ ឬលើកឡើងនូវបញ្ហាជូនក្រុមប្រឹក្សាក្រុង ស្រុក។ សង្គមស៊ីវិលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយដល់ពលរដ្ឋ ឲ្យយល់ដឹងអំពីសិទ្ធិ និងតួនាទីរបស់ពួកគេក្នុងការចូលរួមក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក។

ឯកឧត្ដម ថ្លែងថា រដ្ឋាភិបាល ត្រូវការកិច្ចសហការជាមួយសង្គមស៊ីវិលបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអភិបាលកិច្ចមូលដ្ឋាន។

លទ្ធផលស្រាវជ្រាវរបស់អង្គការ Pact បានបង្ហាញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងស្រុកគោលដៅបើប្រៀបធៀបទៅនឹងស្រុកមិនមែនគោលដៅរបស់គម្រោង PROCEED។ ក្រុមប្រឹក្សាក្រុង ស្រុកគោលដៅបើកចំហ និងទទួលយកនូវមតិយោបល់របស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋទាំងអស់បាននិយាយទាំងមានទំនុកចិត្តក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់ក្រុមប្រឹក្សា។

លទ្ធផលស្រាវជ្រាវ នៃគម្រោងនេះបង្ហាញថា ចំនួន៨៦% នៃប្រជាពលរដ្ឋសរុបពេញចិត្តទៅលើការព្យាមដោះស្រាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្នុងសហគមន៍។ ក្រុមប្រឹក្សាក្រុង ស្រុកមួយចំនួនមិនបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋទាន់ពេលវេលាក្រោយវេទិកាសាធារណៈ ហើយបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋហួសពីសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុកក្នុងការដោះស្រាយ៕ NCDDS

ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន

នៃលេខាធិការដ្ឋាន គ.ជ.អ.ប

 

លោក ហ្សាក សែនធើ ប្រធានអង្គការ Pact កម្ពុជា

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់