ក្រសួងមហាផ្ទៃ​ បណ្ដុះបណ្ដាល​ពី​តួនាទី ភារកិច្ច និង​របៀបរបប​បំពេញ​ការងារ​របស់​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ដល់​ស្រុក​គោលដៅ​ថ្មី

សៀមរាប ២១ តុលា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីចំនួន០៦ នៅសាលប្រជុំសាលាខេត្តសៀមរាប។

សៀមរាប ២១ តុលា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីចំនួន០៦ នៅសាលប្រជុំសាលាខេត្តសៀមរាប។

 

បន្ទាប់ពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃកន្លងមកនេះ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍កោតសរសើរដល់សិក្ខាកាម ក៏ដូចជាគ្រូបង្គោលទាំងអស់ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ។

 

ជាមួយគ្នានេះដែរ ឯកឧត្តមមានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះគឺជាជំហានថ្មីមួយទៀតនៃដំណើរការពង្រីកការអនុវត្តការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋក្នុងស្រុកគោលដៅថ្មីចំនួន០៦បន្ថែមទៀតបន្ទាប់ពីការសម្ភោធ និងដាក់ឱ្យដំណើរការការិយាល័យនៅក្រុង ស្រុក ខណ្ឌគោលដៅចំនួន៤០រួចមកហើយនាពេលកន្លងមក។

 

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃការបង្កើតការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ គឺជាការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីពង្រឹងអភិបាលកិច្ចល្អក្នុងការចាត់ចែង និងប្រើប្រាស់ធនធានដែលមានក្នុងក្រុង ស្រុក ខណ្ឌ ប្រកបដោយនិរន្តរភាពក្នុងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាល និងគោលនយោបាយនៃការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល។

 

ជាចុងក្រោយឯកឧត្តមក៏បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីទាំង០៦ ដោយផ្តោតសំខាន់លើ ការអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃការផ្តល់សេវា និងប្រើប្រាស់វិក័យប័ត្រច្បាស់លាស់រាល់ការបង់កម្រៃសេវា ជៀសវាងការទាមទារនូវការបង់កម្រៃសេវាបន្ថែម ក្រៅពីកម្រៃសេវាដែលបានកំណត់ រៀបចំការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យបានទូលំទូលាយ ព្រមទាំងធ្វើការប្រាស្រ័យទាក់ទងល្អជាមួយប្រជាពលរដ្ឋ និងរៀបចំបង្កឱកាសដល់ពួកគាត់ក្នុងការចូលរួម បញ្ចេញមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានាអំពីការផ្តល់សេវា និងកិច្ចការនានារបស់រដ្ឋបាលក្រុង ស្រុក៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រការិយាល័យច្រកចេញចូលតែមួយ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់