កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តីពី​នីតិវិធី​ជ្រើស​រើស​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ

ភ្នំពេញ ២២ ឧសភា ២០១៥៖ នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ មាន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីនីតិវិធី ជ្រើសរើស ប្រធានការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធាន អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប ។

ភ្នំពេញ ២២ ឧសភា ២០១៥៖ នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ មាន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីនីតិវិធីជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធាន អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ថ្នាក់ដឹកនាំខណ្ឌគោលដៅថ្មី ចំនួន០៤ ដែលគ្រោងនឹងបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ អំពី តួនាទីភារកិច្ច និងនីតិវិធីបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ដើម្បីធានាដល់ការ ជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាពស្របតាមនីតិវិធីដែលបានកំណត់។

សមាសភាពអញ្ជើញចូល រួមក្នុងកិច្ចប្រជុំនេះ រួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល នាយកដ្ឋានផ្ទេរមុខងារ និងធនធាន ប្រធានក្រុមប្រឹក្សា អភិបាល និងនាយករដ្ឋបាលនៃខណ្ឌមានជ័យ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ សរុបចំនួន ២៥នាក់។

 

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្តម ចាន់ សុធា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីផ្តល់សេវារដ្ឋបាលចាំបាច់មួយចំនួនជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសជៀសវាងភាពមិនប្រក្រតីផ្សេងៗ ដូចជាការទាមទារកម្រៃក្រៅផ្លូវការជាដើម។ ទន្ទឹមនឹងការបង្កើតការិយាល័យនេះ ក្រសួងបានផ្តួចផ្តើមបង្កើតការិយាល័យប្រជាពលរដ្ឋសម្រាប់ តាមដាន ឃ្លាំមើល សម្របសម្រួល និងដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការ ផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពិសេសការិយាល័យច្រកចេញចូលតែមួយ។
ឯកឧត្តមបានបន្តថា រហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃបានបង្កើត និងដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះបានចំនួន ៣៦ ក្រុង ស្រុក ខណ្ឌ គោលដៅរួចហើយ។ ថ្មីៗនេះ ក្រសួងមហាផ្ទៃទើបបានចេញសេចក្តីសម្រេចបង្កើតការិយាល័យច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅតាមខណ្ឌថ្មីៗដែលនៅសល់នៃរាជធានីភ្នំពេញ ចំនួន០៤បន្ថែមទៀត។

 

ឯកឧត្តមបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋគឺជាការិយាល័យមួយស្ថិតនៅក្នុងរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ ប៉ុន្តែជាការិយាល័យដាច់ដោយឡែកមួយ ដែលមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងធ្វើសកម្មភាពដោយអព្យាក្រិត ក្នុងការតាមដាន ឃ្លាំមើល ទទួលពាក្យបណ្តឹង សម្រុះសម្រួល និងដោះស្រាយបណ្តឹងតវ៉ា ការមិនពេញចិត្តនានា ពាក់ព័ន្ធនឹងការផ្តល់សេវារបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពិសេសការិយាល័យច្រកចេញចូលតែមួយ។ ប្រធានការិយាល័យ ប្រជាពលរដ្ឋកើតចេញពីការបោះឆ្នោតជ្រើសរើសតាមនីតិវិធីត្រឹមត្រូវ និងច្បាស់លាស់ ដោយផ្អែកតាម ចំណោះដឹង បទពិសោធន៍ និងការពេញចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុក ខណ្ឌគោលដៅ នីមួយ។
ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខណ្ឌគោលដៅថ្មីទាំង៤ ក្នុងការរៀបចំផែនការ សកម្មភាពជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិក មន្ត្រីរាជការ សម្រាប់បម្រើ ការងារនៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីទទួលការបណ្តុះបណ្តាល ក៏ដូចជាការរៀបចំ បង្កើត និងដាក់ឲ្យដំណើរការការិយាល័យទាំងពីរនេះ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងពេល ឆាប់ៗខាងមុខនេះ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់