យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នឹង​ត្រូវ​រៀបចំ ទន្ទឹម​គ្នា​នឹង ការ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែមួយ

ភ្នំពេញ ៧ តុលា ២០១៥៖ ការិយាល័យច្រកចេញចូលតែមួយ ត្រូវបានដាក់ឲ្យដំណើរ ការផ្តល់សេវា ជូនប្រជាពលរដ្ឋ បានចំនួន៣៦ ក្រុង ស្រុក ខណ្ឌរួចហើយ មកទល់ពេលនេះ ហើយក្រសួងនឹងមិនបញ្ចប់ត្រឹមនេះទេ។  នេះជាប្រសាសន៍ ឯកឧត្តម ចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោល នយោបាយ នៃ…

ភ្នំពេញ ៧ តុលា ២០១៥៖ ការិយាល័យច្រកចេញចូលតែមួយត្រូវបានដាក់ឲ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួន៣៦ ក្រុង ស្រុក ខណ្ឌរួចហើយមកទល់ពេលនេះ ហើយក្រសួងនឹងមិនបញ្ចប់ត្រឹមនេះទេ។  នេះជាប្រសាសន៍ ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោល នយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆមាសទី០១ឆ្នាំ២០១៥ នៅសណ្ឋាគារ៧មករា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥។

ឯកឧត្តមបន្តថា ជាទស្សនវិស័យ ការិយាល័យនេះនឹងត្រូវពង្រីកនៅទូទាំងប្រទេស និងត្រូវធ្វើឡើងជាជំហានៗ អាស្រ័យទៅតាមលទ្ធភាព និងធនធាន។ ជាក់ស្តែងក្នុងឆ្នាំ២០១៥នេះ ក្រសួងមហាផ្ទៃបាន និងកំពុងររៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន០៤បន្ថែមទៀតនៃរាជធានីភ្នំពេញ ដែលគ្រោងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០១៥នេះ។ ឆ្នាំ២០១៦ – ២០១៧ ក្រសួងនឹងពង្រីកទៅក្នុងស្រុកគោលដៅចំនួន១០បន្ថែមទៀត ដោយពេលនេះ ក្រសួងមហាផ្ទៃបានស្នើសុំគោលការណ៍ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយ ដើម្បីពង្រីកបន្ថែមនៅតាមស្រុកគោលដៅថ្មីៗទាំងនេះ។

ទន្ទឹមគ្នានេះ ក្រសួងក៏កំពុងពិនិត្យលទ្ធភាពការពង្រីកការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត និងស្រុកផ្សេងៗបន្តទៀត។ ឯកឧត្តមបានស្នើសុំឲ្យខេត្ត សម្រាប់ឆ្នាំ២០១៧ ពិចារណាលើលទ្ធភាពពង្រីកការិយាល័យនេះនៅថ្នាក់ខេត្ត និងថ្នាក់ស្រុកផ្សេងទៀត ដោយប្រើប្រាស់គម្រោងកញ្ចប់ថវិការបស់ខេត្តសម្រាប់ការរៀបចំឬសាងសង់អាគារទៅតាមលទ្ធភាពនៃការពង្រីកដោយផ្ទាល់របស់ខេត្ត ចំណែកក្រសួងមហាផ្ទៃនឹងស្នើគោលការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬទៅរាជរដ្ឋាភិបាល ដើម្បីបំពាក់សម្ភារៈ បរិក្ខាការិយាល័យ ការរៀបចំវគ្គបណ្តុះបណ្តាល និងរៀបចំកិច្ចដំណើការផ្សេងៗទៀត ដើម្បីបង្កើតជាការិយាល័យច្រកចេញចូលតែមួយដែលមានលក្ខណៈពេញលេញ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ប៉ុន្តែទោះបីជារាជធានី ខេត្ត ក្រុង ស្រុក មិនទាន់មានលទ្ធភាពបង្កើតជាការិយាល័យច្រកចេញចូលតែមួយពេញលេញក៏ដោយ ក្រសួងមហាផ្ទៃមិនព្រងើយកន្តើយឲ្យរាជធានី ខេត្ត ក្រុង ស្រុក ផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនមាននីតិវិធី និងបែបបទ សមស្របនោះទេ។ តាមរយៈអនុក្រឹត្យលេខ៦៨ អនក្រ.បក ស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ដែលមិនមានការិយាល័យច្រកចេញចូលតែមួយ ត្រូវរៀបចំឲ្យមានយន្តការនៃការផ្តល់សេវាតាមលក្ខណៈជាច្រកចេញចូលតែមួយ។

បច្ចុប្បន្ននេះ នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសិក្សារួចហើយនូវជម្រើសនានានៃយន្តការច្រកចេញចូលតែមួយសម្រាប់រាជធានី ខេត្ត ស្រុក និងឃុំសង្កាត់ដែលមិនទាន់មានការិយាល័យច្រកចេញចូលតែមួយ ហើយនៅចុងឆ្នាំ២០១៥នេះ នឹងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ឲ្យអនុវត្តនូវយន្តការនេះនៅទូទាំងប្រទេស។ OWSO

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់