កិច្ចប្រជុំប្រចាំឆមាសទី០១ស្តីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

កំពង់ចាម ៧ តុលា ២០១៥៖ កិច្ចប្រជុំប្រចាំឆមាសទី០១ ឆ្នាំ២០១៥ ស្តីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ប្រព្រឹត្តទៅនៅថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៥  នៅសណ្ឋាគារ៧មករា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព…

កំពង់ចាម ៧ តុលា ២០១៥៖ កិច្ចប្រជុំប្រចាំឆមាសទី០១ ឆ្នាំ២០១៥ ស្តីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ប្រព្រឹត្តទៅនៅថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០១៥  នៅសណ្ឋាគារ៧មករា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំ រួមមាន ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទីប្រឹក្សានៃនាយកដ្ឋានមុខងារនិងធនធាន ក្រសួងមហាផ្ទៃ នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែលអញ្ជើញមកពី២៥រាជធានី ខេត្ត និង៤០ក្រុង ស្រុក ខណ្ឌគោលដៅ សរុបប្រមាណជាង១៥០នាក់។

កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៥ និង ដាក់ទិសដៅអនុវត្តបន្ត ព្រមទាំងធ្វើការផ្សព្វផ្សាយប្រកាស សេចក្តីណែនាំ និងនីតិវិធីថ្មីៗមួយចំនួន និងការចែករំលែកបទពិសោធន៍ការអនុវត្តការងារនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ទាំង៤០ក្រុង ស្រុក ខណ្ឌគោលដៅ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ចាន់ សុធា មានប្រសាសន៍ថា  តាមរយៈការវាយម្លៃលើការផ្តល់សេវា របស់ការិយាល័យច្រកចេញចូលតែមួយនៅតាមក្រុង ស្រុក ខណ្ឌគោលដៅកន្លងមក គឺទទួលបានការពេញចិត្តភាគច្រើនពីប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា នេះជាមោទនភាពមួយរបស់យើងទាំងអស់គ្នា ហើយជារួម គឺជាមោទនភាពជាតិយើងទាំងមូលដែលយើងបានធ្វើការកែទម្រង់នៃការផ្តល់សេវារដ្ឋបាលមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែល មានលក្ខណៈល្អប្រសើរពីមួយជំហានទៅមួយជំហាន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទោះយ៉ាងនេះក៏ដោយ យើងនៅមានកិច្ចការច្រើនទៀតដែលត្រូវកែលម្អ ទាំងនីតិវិធី របៀបរបបនៃការផ្តល់សេវាដែលអាចធានាបាននូវគុណភាព និងប្រសិទ្ធភាព ហើយឈានទៅដល់ការគោរពបាននូវការផ្តល់សេវាដែលមានលក្ខណៈស្តង់ដារ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា ប្រទេសជិតខាងមួយចំនួន ការផ្តល់សេវារបស់គេបានឈានទៅដល់ស្តង់ដារ អាយ អេស អូ (ISO standards) ដែលគេទទួលស្គាល់គុណភាពនៃការផ្តល់សេវាលក្ខណៈអន្តរជាតិ ។ សម្រាប់ប្រទេសកម្ពុជា យើងត្រូវខិតខំប្រឹងប្រែងកែលម្អបន្ថែមទៀត ជាជំហានៗ ដោយផ្អែកតាមក្របខណ្ឌពេលវេលាមួយច្បាស់លាស់ ដើម្បីអាចសម្រេចបាននូវស្តង់ដារនេះ នាពេលខាងមុខ។

ឯកឧត្តមក៏បានបង្ហាញពីស្តង់ដារសេវាសាធារណៈសម្រាប់ប្រទេសកម្ពុជា ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់អ្នកប្រើប្រាស់សេវា ដែលមានសូចនាករគោលចំនួន០៥ដូចខាងក្រោម៖
១- គុណភាពនៃព័ត៌មាន
២- ភាពងាយស្រួលក្នុងការទទួលយកសេវា
៣- ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា
៤- សេវាផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ
៥- យន្តការព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា

 

ឯកឧត្តម ចាន់ សុធា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់