ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្ត បញ្ហាប្រឈម និងទិសដៅបន្តលើការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញ-ចូលតែមួយ នៅសាលប្រជុំសាលាខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដូចជា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធ នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក សរុប ៤៣នាក់។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការបូកសរុប និងដាក់ចេញនូវគោលការណ៍ដែលត្រូវអនុវត្តមួយចំនួនមានជាអាទិ៍៖
-រាល់ការស្នើសុំសេវា ត្រូវអនុវត្តតាមនីតិវិធី អង្គភាពច្រកចេញចូលតែមួយ ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក
-មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបញ្ឈប់ការទទួលសេវា ហេីយប្រគល់សេវាមកអនុវត្តនៅអង្គភាពចេញចូលតែមួយខេត្ត
-ការសាងសង់សំណង់គ្រប់ប្រភេទ ត្រូវមានច្បាប់អនុញ្ញាត ហេីយត្រូវត្រួតពិនិត្យការសាងសង់ ធានាអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
-ក្រុង ស្រុកត្រូវធ្វេីរបាយការណ៍មកខេត្តអំពីក្រុមហ៊ុនដែលបានជីករណ្តៅដី កាយក្រួសក្រហម និងធ្វេីអាជីវកម្មរ៉ែ ដេីម្បីងាយស្រួលត្រួតពិនិត្យបង់សួយសារចូលថវិកាជាតិ
ឯកឧត្តម បានកំណត់រយៈពេលបីខែម្តង ដើម្បីរៀបចំកិច្ចប្រជុំ តាមដានការអនុវត្តនៃការផ្តល់សេវារដ្ឋបាលនៅអង្គភាព ច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទូទាំងខេត្ត៕ រម្យ
ប្រភព៖ រដ្ឋបាលខេត្តកំពត