ខេត្តសៀមរាប ០៦ កុម្ភៈ៖ អាជ្ញាធរខេត្ដសៀមរាប បានបើកការដ្ឋានធ្វើផ្លូវមួយខ្សែ ប្រវែងជាង១០០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិមណ្ឌល១…
ខេត្តសៀមរាប ០៦ កុម្ភៈ៖ អាជ្ញាធរខេត្ដសៀមរាប បានបើកការដ្ឋានធ្វើផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ភូមិមណ្ឌល១ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ដោយផ្លូវខាងក្រោមចាក់ក្រាលបេតុង និងចាក់ក្រាលកៅស៊ូប្រភេទបេទីមីណឺពីលើមួយជាន់ទៀត។
លោកទេព ប៊ុនឆាយ អភិបាលក្រុងសៀមរាបបាននិយាយថា កំណាត់ផ្លូវនេះគឺធ្វើឡើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានផ្លូវល្អ មានសុវត្ថិភាព និងអាចបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបអាជីវកម្មប្រចាំថ្ងៃ និងឈានទៅរកការរីកចំរើននៅក្នុងក្រុងសៀមរាប។ លោកបន្តថាក្រុងសៀមរាបបានរីកចំរើនជាបណ្ដើរៗក្រោមការយកចិត្ដទុកដាក់ពីអាជ្ញាធរខេត្ដ និងការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកែប្រែទីក្រុងសៀមរាបឱ្យសក្តិសមជាទីក្រុងទេសចរណ៍។
លោកឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ដែរថា កំណាត់ផ្លូវនេះមានសារសំខាន់ណាស់ បើទោះជាកំណាត់ផ្លូវនេះមានប្រវែងខ្លី ប៉ុន្ដែបានចំណាយទឹកប្រាក់ច្រើន។ នេះមិនមែនជាកំណាត់ផ្លូវទី១ ដែលអនុវត្ដនៅក្នុងទីក្រុងសៀមរាបនោះទេ ព្រោះកន្លងមកផ្លូវក្នុងក្រុង បានអភិវឌ្ឍន៍ជាបណ្ដើរៗ រហូតមកដល់បច្នុប្បន្នមានផ្លូវជាច្រើនបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចហើយ និងបន្ដស្ថាបនា ជួសជុលថ្មីបន្ថែមទៀត។
លោកបានឱ្យដឹងទៀតថា គំរោងធ្វើផ្លូវក្រាលបេតុង និងចាក់កៅស៊ូប្រភេទបេទីមីណឺខាងលើនេះ គឺប្រើប្រាស់គំរោងថវិការបស់សាលាខេត្ដសៀមរាប។ នៅមានគំរោងជាច្រើនទៀត និងធ្វើឱ្យកាន់តែប្រសើរឡើង សំរាប់ក្រុងសៀមរាបមួយមានផ្លូវគមនាគមន៍ល្អសំរាប់ប្រើប្រាស់៕