ប្រជុំ​សាមញ្ញ​លើក​ទី​១៣​ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ (AKP)

បន្ទាយមានជ័យ ១ កក្កដា ២០១៥៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តអនុវត្តន៍ការងារ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព…

បន្ទាយមានជ័យ ១ កក្កដា ២០១៥៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តអនុវត្តន៍ការងារ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ខិតខំផ្សព្វផ្សាយដល់សហគមន៍កសិកម្ម ក្នុងការផលិតពូជស្រូវឱ្យមានទីផ្សារ និងទប់ស្កាត់ការរត់ពន្ធជីគីមីពីប្រទេសថៃតាមច្រករបៀងផងដែរ។

 

ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា ត្រូវយកចិត្តទុកដាក់ពង្រឹងការងារ សណ្តាប់ធ្នាប់ កាត់បន្ថយការគ្រោះថ្នាក់ចរាចរដែលតែងកើតមានជាញឹកញាប់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍គប្បីខិតខំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្ស និស្សិត ប្រជាពលរដ្ឋឱ្យមានការយល់ដឹងប្រុងប្រយ័ត្ន ភ្ញាក់រឭកពីគ្រោះថ្នាក់ចរាចរនេះ។ កងកម្លាំងប្រដាប់អាវុធត្រូវត្រៀមលក្ខណ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយធម្មជាតិនានា ហើយមន្ទីរធនធានទឹក និងឧតុនិយមត្រូវបន្តតាមដានអាកាសធាតុផ្អែកតាមការផ្សព្វផ្សាយរបស់ថ្នាក់ជាតិ និងសភាពការណ៍ជាក់ស្ដែងនៅមូលដ្ឋាន។

 

ឯកឧត្ដម អ៊ុង អឿន ក៏បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ដែលមានគោលបំណងជំរុញទៅបម្រើឱ្យចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្របម្រើឱ្យគោលបំណង ដែលមានការពាក់ព័ន្ធគ្នា និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនឱ្យកាន់តែល្អប្រសើរ។

 

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តនេះក៏បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើ ១. សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ ២. កំណត់ហេតុស្តីពីកិច្ចប្រជុំ សាមញ្ញលើកទី១២អាណត្តិ២របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៨ខែឧសភាឆ្នាំ ២០១៥ ៣. កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើក ទី៧អាណត្តិទី២របស់ក្រុមប្រឹក្សា ខេត្តនាថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៥ ៤. សេចក្ដីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការ ងាររបស់រដ្ឋបាលខេត្តប្រចាំខែមិថុនា និង ៥.សំណួរ ចម្លើយ និងការបញ្ចេញមតិយោបល់ និងបញ្ហាផ្សេងៗ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់