មន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ផ្តល់​សេវា​ដោយ​មាន​ភាព​រាក់​ទាក់ និង​មាន​គុណ​ភាព​

កណ្តាល ០៤ កុម្ភៈ ២០១៥៖ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានព្រមានដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តថា ចាប់ពីពេលនេះតទៅមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវតែធ្វើជាអ្នកផ្តល់សេវាដោយរួសរាយរាក់ទាក់ និងមានគុណភាព…

កណ្តាល ០៤ កុម្ភៈ ២០១៥៖ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានព្រមានដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តថា ចាប់ពីពេលនេះតទៅមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវតែធ្វើជាអ្នកផ្តល់សេវាដោយរួសរាយរាក់ទាក់ និងមានគុណភាព មិនត្រូវធ្វើខ្លួនឲ្យក្លាយទៅជាអ្នកត្រួតត្រាប្រជាពលរដ្ឋ និងឆ្មើងឆ្មៃថាបើសិនជាអត់ពីខ្លួនទៅកិច្ចការនេះគ្មានអ្នកណាធ្វើបាន ហើយឥរិយាបថនេះត្រូវតែផ្លាស់ប្តូរជាបន្ទាន់ ។

 

ឯកឧត្តមអភិបាលខេត្តបានធ្វើការព្រមានយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ មករា ឆ្នាំ២០១៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្ត ។

ឯកឧត្តមបានបញ្ជាក់ពីមូលហេតុដែលឯកឧត្តម លើកឡើងករណីនេះថា ដោយសារថ្មីៗនេះ មានប្រជាពលរដ្ឋបានមកប្តឹងផ្ទាល់មាត់ពីអាកប្បកិរិយាមិនល្អរបស់មន្ត្រី ដែលកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមបានបញ្ជាអោយក្រុមហ៊ុនបូមខ្សាច់បែបអនាធិបតេយ្យក្នុងទឹកដីខេត្តកណ្តាលត្រូវបញ្ឈប់ជាបន្ទាន់ ប្រសិនបើការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះ អត់លិខិតអនុញ្ញាត្តិ និងត្រូវមានវិធានការយ៉ាងតឹងរ៉ឹងបំផុតដោយអនុវត្តតាមច្បាប់នៃបទល្មើស ហើយគណៈកម្មាធិការមិនយោគយល់ និងមិនដកថយឡើយក្នុងការងារបង្ក្រាបបទល្មើសនេះ ។

ដោយឡែកក្រុមហ៊ុនដែលមានលិខិតអនុញ្ញាត្តិគណៈកម្មាធិការខេត្តត្រូវពិនិត្យការធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់អនុញ្ញាត្តិ របស់ផលវិទ្យាក្រសួងធនទឹក និងក្រសួងរ៉ែនិងថាមពល ។ ឯកឧត្តម ម៉ៅ ភិរុណ ក៏បានជំរាបជូនអនុសាសន៏របស់ សម្តេចតេជោហ៊ុន សែន ឲ្យខេត្ត រាជធានីយកចិត្តទុកដាក់រៀបចំឲ្យមានអ្នកនាំពាក្យខេត្ត និងត្រូវរៀបចំបង្កើតការផ្សព្វផ្សាយរាល់សភាពការណ៏ក្នុងខេត្តឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋមន្ត្រីរាជការតាមស្រុក ឃុំ ពិសេស យុវវ័យតាមរយៈប្រព័ន្ធអេឡិចត្រូនិចក្នុងការឃោសនា ដែលមានដូចជាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម facebook និងគេហទំព័រ ដែលមានលក្ខណៈងាយស្រួលក្នុងការទទួលបានព័ត៌មានគ្រប់ប្រភេទ។

ឯកឧត្តមក៏បានផ្តល់អនុសាសន៏ ដល់រដ្ឋបាលជលផលត្រូវមានរបាយការណ៏រប់សសហគមន៏នេសាទចំនួន៤៤ ដែលមានក្នុងខេត្តដើម្បីងាយស្រួលខេត្តក្តាប់បានសកម្មភាពរបស់សហគមន៏នេសាទ និងមានយោបល់ណែនាំដល់សហគមន៏ដើម្បីការរីកចំរើន៕

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់