ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស ខេង សម្ពោធអគារសិក្សានៅស្រុកចុងកាល់

ឧត្តរមានជ័យ ៩ កក្កដា ២០១៤៖ អគារសិក្សាថ្មី ១ ខ្នងមានចំនួន ៦ បន្ទប់ស្ថិតក្នុង សាលាបឋមសិក្សាពង្រ ស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង …

ដោយ ទិត ស្រ៊ AKP (០៨ ខែកក្កដា ឆ្នាំ២០១៤) http://www.akp.gov.kh/kh/?p=87789

ឧត្តរមានជ័យ ០៩ កក្កដា ២០១៤៖ អគារសិក្សាថ្មី ១ ខ្នងមានចំនួន ៦ បន្ទប់ស្ថិតក្នុងសាលាបឋមសិក្សាពង្រស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការនៃកងយោធពលខេមរភូមិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់ ព្រមទាំងមន្រ្តីរាជការកង កម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សបានចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជាបាន កោតសសើរចំពោះអាជ្ញាធរខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ហើយរដ្ឋបាលសាលាខេត្ត ដែលទើបនឹងបង្កើត នៅឆ្នាំ ១៩៩៨ រហូតពេលនេះបានផ្លាស់ប្តូរ មុខមាត់ថ្មីគួរឲ្យកត់សម្គាល់ ដែលនេះជាសមទិ្ធផលស្នាដៃនៃការខិតខំរបស់ក្រុមការងារ ថ្នាក់ខេត្ត និង ប្រជាពលរដ្ឋ ធ្វើឲ្យមានការរីកចម្រើនពីមួយថៃទៅមួយថ្ងៃ ។ ឯកឧត្តមក៏បានកោតសសើរផងដែរ ដល់កងយោធពល ខេមរភូមិន្ទ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីពីសំណាក់ការឈ្លានពានរបស់ប្រ ទេសជិតខាង ដែលកងទ័ពយើងរក្សាបាន នូវស្ថិរភាពព្រំដែន និងត្រៀមលក្ខណៈជាស្រេចចំពោះសកម្ម ភាពកើតឡើងជាយថាហេតុ ។

ឯកឧត្តម ស ខេង មានប្រសាសន៍ថា វិស័យអប់រំមានសារសំខាន់ណាស់សម្រាប់អនាគត ព្រោះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ អភិវឌ្ឍន៍ប្រទេស និងលុបបំបាត់ភាពមិនចេះអក្សរក្នុងការផលិតធនធាន មនុស្ស អប់រំឲ្យមានចំណេះដឹង និងសីលធម៌ល្អរស់នៅក្នុង សង្គម ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវគោលនយោបាយ សាលារៀនត្រូវខិតដល់ជិតផ្ទះប្រជាពលរដ្ឋ នឹងឃុំមួយត្រូវមាន អនុវិទ្យាល័យ មួយយ៉ាងតិច ដោយនយោបាយនេះយើងបានអនុវត្តន៍បានតាំងពីដើមសិស្សដើររកសាលារៀន រហូត ដល់ពេលនេះ សាលារៀនដើររកសិស្សវិញ ពោលគឺទីណាមានប្រជាពលរដ្ឋរស់នៅ ទីនោះមានសាលា រៀន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសំណូមពរដល់ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋាន ត្រូវបន្តធ្វើវេទិកាសាធារណៈឲ្យបាន គ្រប់ ភូមិនីមួយៗនៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋលើក ឡើងពីបញ្ហាប្រឈមចំពោះជីវភាពប្រចាំរបស់ពួកគាត់ ហើយវេទិកាសេរីនេះ គឺត្រូវធ្វើម្តងតែមួយភូមិ ប៉ុណ្ណោះ ដោយមិនអាចធ្វើជារួមទូទៅបានទេ ដើម្បីងាយស្រួលក្នុងការដោះស្រាយរាល់ បញ្ហានានា ហើយ ការរៀបចំគឺពុំមានពាក់ព័ន្ធក្នុងរឿងនយោបាយណាឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាដល់សាលាស្រុកចុងកាល់ចំនួន ១ លានរៀល សាលាបឋមសិក្សាពង្រថវិកា ៥០ ម៉ឺនរៀល ប្រជាពលរដ្ឋម្នាក់ទទួលបានសារុង ១ យាយជីតាជីម្នាក់ៗ ក្រណាត់ស ១ ដុំ លោកគ្រូអ្នកគ្រូក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ១ ម៉ឺនរៀល សិស្សានុសិស្ស និងយុវជនកាយឫទ្ធិម្នាក់ៗទទួលបានសៀវភៅ ២ ក្បាល ប៊ិច ២ ដើម និងថវិកា ៥ ០០០ រៀល និងសិស្ស ក្រីក្រចំនួន ៤៩ នាក់ក្នុងម្នាក់ទទួលបានកង់ ១ សៀវភៅ ២ ក្បាល ប៊ិច ២ ដើម និងថវិកា ៥ ០០០ រៀល៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់