ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអូរជ្រៅ អាណត្តិទី២

អូជ្រៅ-បន្ទាយមានជ័យ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អាណត្តិទី២ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាស្រុកអូរជ្រៅ…

អូជ្រៅ-បន្ទាយមានជ័យ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អាណត្តិទី២ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាស្រុកអូរជ្រៅ ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម គោ ស៊ុំសារឿត អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ។ 

 

ក្នុងឱកាសនេះ ក៏មានវត្តមានប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី២ សមាជិកសភា អភិបាលរងខេត្ត នាយកទីចាត់ការធនធានមនុស្ស អភិបាល អភិបាលរងស្រុក អង្គភាពកងកម្លាំងការពារព្រំដែន អធិការដ្ឋាននគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក អង្គភាពជំនាញ តំណាងអង្គការជាតិ និងអន្តរជាតិ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត សរុបចំនួន ១២៦ នាក់ (ស្រ្តី៣៧នាក់)។

 

លោក ខាត់ សារ៉ាន អភិបាលស្តីទីនៃគណៈអភិបាលស្រុក មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅ និងលទ្ធផលការងារបស់ក្រុមប្រឹក្សាស្រុក អាណត្តិទី១ (២០០៩ ២០១៤) អំពីវឌ្ឍនភាពនៃការអនុវត្តលើគ្រប់វិស័យ ដោយផ្តោតសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថានភាពសេដ្ឋកិច្ចសង្គម ការផ្តល់សេវាសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

 

បន្ទាប់មកលោក ណង វុទ្ធី នាយកទីចាត់ការធនធានមនុស្សនៃសាលាខេត្តបន្ទាយមានជ័យ បានអានអនុក្រឹត្យលេខ ៧៨៦ អនក្រ-តត ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមអនុក្រឹត្យ សម្រេចតែងតាំង លោក តាន់ ស្វាង ជាប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ និងសមាជិកក្រុមប្រឹក្សាចំនួន១៤ រូបទៀត។

លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ ដែលទើបប្រកាសតែងតាំង បានមានចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖

  1. ប្រតិបត្តិដោយភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងស្រុក ដោយគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន ជាធរមាន និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធិភាពក្នុងការធ្វើ និងអនុវត្តសេចក្តីសម្រេច ប្រកបដោយអភិបាលកិច្ចល្អ។
  2. ខិតខំពង្រឹងរដ្ឋបាលឯកភាពស្រុក ធ្វើឲ្យប្រជាពលរដ្ឋអាចម្ចាស់ការបាន ក្នុងការគ្រប់គ្រងការចាត់ចែងមុខងារ និងធនធាន រាប់បញ្ចូលទាំងហិរញ្ញវត្ថុ បុគ្គលិក ហើយមានសមត្ថភាពសម្របសម្រួលនូវសកម្មភាពនៃការផ្តល់សេវា និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។
  3. ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រី បុគ្គលិក និងទំនាក់ទំនងល្អជាមួយ ក្រុមប្រឹក្សាតាមប្រភេទ ព្រមទាំងការិយាល័យ អង្គភាព ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរឹងមាំខ្លាំងក្លា ក្នុង គោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

 

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានមតិសំណេះសំណាល និងផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក បន្តអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ័យ ជាពិសេសបានផ្តាំផ្ញើដល់ ក្រុមប្រឹក្សាស្រុកអាណត្តិទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាននានាជាធរមាន។ ចំពោះមុខជាបន្ទាន់នេះត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួន និងការប្រកាសទ្រព្យសម្បត្តិ និងបំណុលផងដែរ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ក្រុម ប្រឹក្សានាថ្ងៃនេះ។ កិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍ លើបញ្ហាមួយចំនួនដូចជា៖

  1. ផ្សព្វផ្សាយសេចក្តីណែនាំ០១៥ស.ណ.ន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
  2. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ។
  3. អភិបាលស្រុក ធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន ក្នុងការដឹកនាំរបស់ ក្រុមប្រឹក្សាស្រុក អាណត្តិទី២ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ និងណែនាំក្រុមប្រឹក្សា ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១។ ក្នុងកិច្ចប្រជុំលើទី២ ក្រុមប្រឹក្សាត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុង ក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈពេល១២ខែ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់