អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​ស្រី​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា​

ភ្នំពេញ ១៣ តុលា ២០១៤៖ តំណាងក្រសួង ស្ថាប័ន និង អង្គការសង្គមស៊ីវិលបានបង្ហាញស្រដៀង គ្នាថាក្នុងឆ្នាំ២០១៣ កន្លងមកនេះ អត្រាចុះឈ្មោះចូលរៀនរបស់សិស្សស្រីនៅថ្នាក់បឋមសិក្សាមាន ការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំកន្លងមក។

ភ្នំពេញ ១៣ តុលា ២០១៤៖ តំណាងក្រសួង ស្ថាប័ន និង អង្គការសង្គមស៊ីវិល បានបង្ហាញស្រដៀងគ្នាថា ក្នុងឆ្នាំ២០១៣កន្លងមកនេះអត្រាចុះឈ្មោះចូលរៀន របស់សិស្សស្រីនៅថ្នាក់បឋមសិក្សាមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំកន្លងមក។

 

ក្នុងពិធីប្រារព្ធទិវាក្មេងស្រីអន្ដរជាតិ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ លោក ប្រាយអិន បិកខិត (Brian Beckett) នាយកស្ដីទីប្រចាំប្រទេស នៃអង្គការភ្លែនអន្ដរជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កន្លងមក ការចុះឈ្មោះចូលរៀនរបស់សិស្សស្រីនៅថ្នាក់មត្តេយ្យ ថ្នាក់បឋមសិក្សា និង មធ្យមសិក្សា ស្ទើរតែមាន ចំនួនប្រហាក់ប្រហែលគ្នារវាងកុមារា និង កុមារី ដែលការកើនឡើងនេះគួរឱ្យកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជា។

 

លោកបន្ដថា ប៉ុន្ដែអ្វីដែលជាបញ្ហាចោទនោះគឺការចុះឈ្មោះចូលរៀន និងការរៀននៅថ្នាក់មហាវិទ្យាល័យ ដែលមានការថយចុះ ពីព្រោះដោយសារតែបញ្ហា ជីវភាពគ្រួសារភាពក្រីក្រ និងសង្គមវប្បធម៌ផងដែរដែលជាហេតុធ្វើឱ្យកុមារី ឬស្រ្ដីបន្ដចូលរៀននៅថ្នាក់ឧត្តមសិក្សាកាន់តែថយចុះ។

 

លោកបានពន្យល់ថា ការផ្ដល់អាហារូបករណ៍ដែលផ្ដោតទៅលើកុមារី គឺជាការផ្ដល់ឱកាសឱ្យកុមារីបានចូលរៀនដូចកុមារាដែរ ពិសេសការពង្រឹងគុណភាព នៃការអប់រំដើម្បីលើកកម្ពស់សមត្ថភាពនៅពេលដែលបញ្ចប់ការសិក្សា កុមារី និង ស្រ្ដីយកចំណេះដឹងទាំងនោះទៅអភិវឌ្ឍន៍គ្រួសារ និង សង្គមជាតិដោយការប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ ។ ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកដោះស្រាយចំពោះបញ្ហានេះ អង្គការភ្លែនបានធ្វើការងារ និង សកម្មភាពក្នុងការសាងសង់សាលារៀនឱ្យបានច្រើន នៅតាមតំបន់ដាច់ស្រយាលដើម្បីឱ្យកុមារី និងស្រ្ដីទាំងអស់អាចទៅរៀនបាន និងធានានូវសុវត្ថិភាពរបស់ពួកគាត់។

 

លោកជំទាវ អ៊ឹម ស៊ីថៃ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានទទួលស្គាល់ថា បច្ចុប្បន្ននេះអត្រាចុះឈ្មោះ ចូលរៀនរបស់សិស្សស្រីមានការ កើនឡើងច្រើនជាងបណ្ដាឆ្នាំកន្លងមក ដោយសារតែកត្តាយល់ដឹង និងការផ្សព្វផ្សាយអប់រំបានជ្រួតជ្រាបទូលំទូលាយដល់ប្រជាពលរដ្ឋ សហគមន៍ គ្រួសារ និង សង្គមទាំងមូល ដើម្បីជំរុញធ្វើយ៉ាងណាឱ្យក្មេងស្រីបានចូលរៀនសូត្រដូចក្មេងប្រុសដែរ។

 

តាមរបាយការណ៍ក្រសួងអប់រំ យុវជន និង កីឡា សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ កន្លងទៅនេះ នៅកម្រិតថ្នាក់បឋមសិក្សាមានសិស្សានុសិស្សចំនួនសរុបជាង ២លាន៧ម៉ឺននាក់ ក្នុងនោះសិស្សស្រី មានចំនួនតែ ជាង៩៩០ ០០០នាក់ប៉ុណ្ណោះ។

 

យោងតាមស្ថិតិយេនឌ័ររបស់ក្រសួងកិច្ចការនារី ក្នុងឆ្នាំ២០១៤នេះ បង្ហាញថាអត្រាចុះឈ្មោះចូលរៀនរបស់សិស្សស្រីនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅក្នុងឆ្នាំ២០១៣កន្លងមក គឺមានប្រមាណ ៤៨ភាគរយ ។ចំណែកការចុះឈ្មោះចូលរៀននៅថ្នាក់ឧត្តមសិក្សាមានចំនួនតែ ៣៧.៦ ភាគរយប៉ុណ្ណោះកាលពីឆ្នាំ២០១១៕ដោយ អ៊ុន រិទ្ធី

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់