ឯកឧត្តម​ ងី ច័ន្ទ្រផល៖ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​គឹ​ជា​កត្តាលិករ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរ​ការ​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ

បាត់ដំបង ៦ មេសា ២០១៦៖ គោលបំណងសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឹវប្បធម៌ប្រជាធិបតេយ្យដោយមានការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ទាំងក្នុងគ្រប់សកម្មភាពសង្គម និងការបោះឆ្នោត…

បាត់ដំបង ៦ មេសា ២០១៦៖ គោលបំណងសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគឹវប្បធម៌ប្រជាធិបតេយ្យ ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ទាំងក្នុងគ្រប់សកម្មភាពសង្គម និងការបោះឆ្នោត។

 

នេះជាការលើកឡើងរបស់ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង។

 

ឯកឧត្តម បានបន្តថា យុទ្ធសាស្រ្តគណនេយ្យភាពសង្គមជួយលើកកម្ពស់គុណភាពផ្តល់សេវារដ្ឋបាល និងមានយន្តការដើម្បីឲ្យប្រជាពលរដ្ឋមានការចូលរួមតាមរយៈការដាក់ពិន្ទុសហគមន៍ដើម្បីឲ្យប្រជាពលរដ្ឋអាចបញ្ចេញសំលេងពីកង្វល់ និងការគិតរបស់ខ្លួន។

 

ឯកឧត្តម ក៏បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្តគណេនយ្យភាពសង្គមផងដែរថា សិក្ខាកាមទាំងអស់ត្រូវយកមេរៀនទៅធ្វើការបណ្តុះបណ្តាលបន្តដល់ស្រុកគោលដៅទាំង៥៤ ដើម្បីឲ្យការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមឲ្យទទួលបានជោគជ័យ។

 

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តនៅថ្នាក់ខេត្ត ស្រុក ដើម្បីក្លាយជាគ្រូបង្គោលក្នុងការបណ្តុះបណ្តាលបន្តទៅថ្នាក់ស្រុក ឃុំបន្ថែមទៀត និងបណ្តុះបណ្តាលលើការអនុវត្តប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គមដែលទើបនឹងដាក់ឲ្យអនុវត្តសាកល្បងក្នុងខេត្តមួយចំនួននាពេលថ្មីៗនេះ។ សមាសភាពអ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលពីថ្ងៃទី៦-៨ ខែមេសា ឆ្នាំ២០១៦រួមមាន ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត មន្រ្តីព័ត៌មានវិទ្យាថ្នាក់ខេត្ត ជនបង្គោលថ្នាក់ខេត្ត ក្នុងខេត្ត១៤ និងស្រុក៥៤ ព្រមទាំងអង្គការសង្គមស៊ីវិល ដៃគូអនុវត្ត ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធសរុបជាង១០០រូប៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់