ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ៤ ខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីកំណត់ធនធាជាក់លាក់សម្រាប់ផ្ទេរភ្ជាប់នឹងមុខងារទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានសមាសភាពអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអ្នកនាង កញ្ញាដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួង ស្ថាប័នកំណែទម្រង់របស់រាជរដ្ឋាភិបាលសរុបចំនួនប្រមាណ ៦០រូប។
កិច្ចប្រជុំពិភាក្សាដែលរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប មានគោលបំណង គឺដើម្បីធានាថា រដ្ឋបាលក្រុង ស្រុកក្នុងរចនាសម្ព័ន្ធថ្មីរបស់ខ្លួនមានធនធានសមស្របសម្រាប់ការគ្រប់គ្រង ចាត់ចែង អនុវត្តមុខងារដែលបានផ្ទេរពីក្រសួងពាក់ព័ន្ធនានាឱ្យមានប្រសិទ្ធភាព៕