គម្រោង​​អាទិភាព​​ចំនួន​ ១១១​គម្រោង​ ត្រូវ​​បាន​គាំទ្រ​​ ក្នុង​​សកម្មភាព​​ផែនការ​​ឃុំ ​សង្កាត់​ ស្រុក​ចំការ​លើ​

កំពង់ចាម ២៧ វិច្ឆិកា ២០១៤៖ គម្រោងអាទិភាពចំនួន ១១១គម្រោង ត្រូវបានគាំទ្រដោយ មន្ទីរវិស័យ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាក្នុងសិក្ខាសាលាសមាហរណកម្ម ផែនការឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក នៅស្រុកចំការលើ។

 

កំពង់ចាម ២៧ វិច្ឆិកា ២០១៤៖ គម្រោងអាទិភាពចំនួន ១១១គម្រោង បានគាំទ្រដោយមន្ទីរវិស័យ អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានានៅក្នុងសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក នៅស្រុកចំការលើ។ 

 

សិក្ខាសាលាសមាហរណកម្មផែនការរបស់ស្រុកចំការលើ ត្រូវបានរៀបចំឡើង នៅសាលាស្រុកចំការលើ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកជំទាវ ស៊ី វ៉ាន់ថា អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

តាមរបាយការណ៍សិក្ខាសាលាបានឲ្យដឹងថា គម្រោងអាទិភាពនៅឆ្នាំ២០១៤ របស់ឃុំទាំង ០៨ នៃស្រុកចំការលើបានស្នើឡើងសម្រាប់អនុវត្តនៅឆ្នាំ២០១៥ សរុបមានចំនួន ២៩១គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ចមានចំនួន ៨៥គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ៨៥គម្រោង ផ្នែកធនធានធម្មជាតិ និងបរិស្ថានមានចំនួន ៣៣គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខ ចំនួន ៤១គម្រោង និងផ្នែកយេនឌ័រចំនួន ៤៧គម្រោង។

 

លោកជំទាវ ស៊ី វ៉ាន់ថា បានបញ្ជាក់ថាការរៀបចំសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក នាពេលនេះគឺដើម្បី ស្វែងរកការឧបត្ថម្ភគាំទ្រគម្រោងអភិវឌ្ឍន៍ទាំងឡាយ ពីសំណាក់មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល បណ្ដាក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដើម្បីអភិវឌ្ឍន៍សង្កាត់ឲ្យមានការរីកចំរើន និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ។

 

លោកជំទាវ អភិបាលរងខេត្ត បានលើកឡើងដែរថា ផ្អែកទៅលើលទ្ធផលដែលទទួលបាននៅក្នុងអង្គសិក្ខាសាលានេះ មានកិច្ចការមួយចំនួនដែលរដ្ឋបាលឃុំ សង្កាត់ត្រូវអនុវត្តកិច្ចការមួយចំនួន ដូចជា៖ មន្ទីរជំនាញត្រូវចុះគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីចុះសិក្សាគម្រោងដែលបានចុះកិច្ច សន្យាទៅតាមនីតិវិធី ថ្នាក់ដឹកនាំមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជននានា សូមគាំទ្រដល់គម្រោងឃុំ សង្កាត់ បន្ទាប់ពីសមាហរណកម្មបានបញ្ចប់ទៅ និងរដ្ឋបាលក្រុង ស្រុក ត្រូវជួយគាំទ្រ និងសម្របសម្រួលការងារបច្ចេកទេសដល់ឃុំ សង្កាត់ ដើម្បីបង្កើនការគៀងគរប្រភពធនធានឲ្យបានច្រើន ព្រមទាំងឃុំ សង្កាត់ ត្រូវបង្កើនសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយម្ចាស់ជំនួយ អ្នកអនុវត្តគម្រោងដោយបង្កលក្ខណៈងាយស្រួល ដល់ការអនុវត្តគម្រោង និងធ្វើការតាមដានជាប្រចាំ និងព្យាយាមស្វែងរកការគាំទ្រពីម្ចាស់ជំនួយផ្សេងៗទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕ ដោយ៖ សារ៉ាត

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានកំពង់ចាម

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់