ថ្ងៃសុក្រ ៦កើត ខែអស្សុជ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោក ធិននី វិធូរ ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៣ អភិបាលរងស្រុកប្រាសាទបាគង ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកវ៉ារិន ខេត្តសៀមរាប ជំនួសលោក ភូ សំអាត អតីតអភិបាលស្រុកដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកវ៉ារិន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោកគ្រូ អ្នកគ្រូ លោកមេឃុំ ស្នៀនឃុំ និងមេភូមិផងដែរ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលស្រុកស្តីទី និង របាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និងអភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើកនូវបញ្ហាប្រឈម និងឧបសគ្គមួយចំនួន និងការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្ស នៃសាលាខេត្ត បានអាននូវអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតែងតាំងលោក ធិននី ពិទូ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួស លោក ភូ សំអាត អតីតអភិបាលស្រុក ដែលបានជាប់ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាល អភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការ ងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជន។
ឯកឧត្តម បានលើកនូវសមទ្ធិផលដែលស្រុកទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកវ៉ារិនដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ ។ នៅចំពោះមុខ ការងារអប់រំប្រជាពលរដ្ឋឲ្យអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គឺជាកាតព្វកិច្ច ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ពាក់ព័ន្ធដល់ឥទ្ធិពលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ហើយដែលស្ថិតក្នុងន័យប្រសើរថែមទៀតនោះ ការចូលរួមបោះឆ្នោតគឺមានន័យថាស្រឡាញ់ជាតិ រួមគ្នាថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិ។ ម៉្យាងទៀត ត្រូវធ្វើការពង្រីកនូវ លើវិស័យទេសចរណ៍នៅក្នុងសហគមន៍ ដោយមានការរួមសហការជាមួយមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិនទាំងមូល និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការលើការដឹកនាំ គ្រប់គ្រង ការិយាល័យ និង អង្គភាពក្នុងស្រុកឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងប្រជាជន ដោយខេត្តសៀមរាប ក៏ដូចស្រុកវ៉ារិនជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត៕
ប្រភពពីរដ្ឋបាលខេត្តសៀមរាប