រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៩ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយមុននឹងដាក់ជូនឆ្លងកិច្ចប្រជុំ គ.ជ.អ.ប ខាងមុខ។
កិច្ចប្រជុំពិគ្រោះយោបល់ដែលរៀបចំឡើងក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប នេះ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ ព្រមទាំងពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលាសម្រាប់អនុវត្តអនុក្រឹត្យស្តីពី រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុកជាមួយស្ថាប័ននៃកំណែទម្រង់បីផ្សេងទៀត រួមមាន អគ្គលេខាធិការដ្ឋានដឹកនាំកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) លេខាធិការដ្ឋាននៃគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) និងលេខាធិការដ្ឋានអចិន្ត្រៃយ៍គណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីពិភាក្សាផ្តល់យោបល់ និងគាំទ្រដល់ការអនុវត្តកិច្ចការកំណែទម្រង់កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងអស់លោក លោកស្រីមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៣០រូប មកពីលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌៕