ប្រជាពលរដ្ឋ ឃុំព្រែកនរិន្ទ លែងបារម្ភពីការជន់លិចផ្លូវ ទៀតហើយ

ស្រុកឯកភ្នំ-បាត់ដំបង ១៧ កុម្ភៈ ២០១៥៖ ប្រជាពលរដ្ឋ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានការសប្បាយ រីករាយ ខ្លាំងចំពោះ គម្រោងជួសជុល បង្កើនកម្ពស់ ផ្លូវលំមួយខ្សែ ប្រវែង ២.៤១៤ម៉ែត្រ ដែលគាំទ្រ ពីគម្រោងបញ្ជ្រាប ការប្រែប្រួល អាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការ និងរៀបចំថវិកានៅថ្នាក់ក្រោមជាតិ (SNC Scale-up)…

ស្រុកឯកភ្នំ-បាត់ដំបង ១៧ កុម្ភៈ ២០១៥៖ ប្រជាពលរដ្ឋ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានការសប្បាយ រីករាយ ខ្លាំងចំពោះ គម្រោងជួសជុល បង្កើនកម្ពស់ ផ្លូវលំមួយខ្សែ ប្រវែង ២.៤១៤ម៉ែត្រ ដែលគាំទ្រ ពីគម្រោងបញ្ជ្រាប ការប្រែប្រួល អាកាសធាតុ ទៅក្នុងដំណើរការកសាងផែនការ និងរៀបចំថវិកានៅថ្នាក់ក្រោមជាតិ (SNC Scale-up)  ដែលសហការអនុវត្តរវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលស្រុក។ នេះជាការអះអាងរបស់លោក សេង យី មេឃុំព្រែកនរិន្ទ ជម្រាបជូនគណៈប្រតិភូគម្រោង SNC Scale-up ថ្នាក់ជាតិដែលបានចុះពិនិត្យការអនុវត្តគម្រោងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។

លោកមេឃុំ បានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ តំបន់នេះតែងតែទទួលរងឥទ្ធិពលពីទឹកជំនន់ពីទឹកទន្លេរ និងជំនន់ពីស្ទឹងសង្កែរ។ ផ្លូវនេះពីមុនពិបាកធ្វើដំណើរយ៉ាងខ្លាំង ព្រោះមានគ្រលុកធំៗ ហើយនៅពេលមានភ្លៀងធ្លាក់ធំម្តងៗ តែងតែមានទឹកដក់ជាប្រចាំ។

លោក បានបន្តថា គម្រោងនេះ បានសាងសង់ផ្លូវខ្ពស់ផុតពីកំពស់ទឹកជំនន់ដែលកើតមានកន្លងមក ហើយផ្លូវនេះក៏មានគុណភាពខ្ពស់។ ឥឡូវនេះ ពលរដ្ឋលែងមានការព្រួយបារម្ភទៀតហើយ។ ពួកគេមានភាពងាយស្រួលធ្វើដំណើរជាងមុន។ ពេលមានភ្លៀងធ្លាក់ និងទឹកជំនន់ ប្រជាពលរដ្ឋមិនព្រួយអារម្មណ៍អំពីការលិចផ្លូវទៀតនោះទេ។

ប្រជាពលរដ្ឋមួយរូបដែលជាអ្នកទទួលផលបានឲ្យដឹងថា ប្រជាពលរដ្ឋសប្បាយរីករាយព្រោះបានផ្លូវធ្វើដំណើរឆ្លងកាត់ល្អ ជាពិសេសផ្លូវនេះបានតភ្ជាប់ពីបណ្តាឃុំផ្សេងទៀត។ កុមារ និងស្រ្តីមានផ្ទៃពោះអាចធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងសាលារៀនបានងាយស្រួល។ រដូវវស្សាឆ្នាំនេះ ប្រជាពលរដ្ឋពិតជាលែងជួបការលំបាកដោយសារទឹកជន់លិចផ្លូវទៀតហើយ។

គម្រោងបង្កើនកម្ពស់ផ្លូវក្រាលគ្រួសធម្មជាតិដែលមានប្រវែង២.៤១៤ ម៉ែត្រ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានគាំទ្រថវិកាចំនួន១៤០.៥១៨.០០០រៀល ពីគម្រោង SNC Scale-up ឆ្នាំ២០១៤ ហើយអនុវត្តបានរួចរាល់១០០% ដែលប្រជាពលរដ្ឋប្រមាណ ១៣.០០០នាក់ទទួលផលពីគម្រោងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០១៥ គណៈប្រតិភូអង្គការ UNDP ដែលដឹកនាំដោយ លោក Velibor Popovic មន្ត្រីជំនាញ អភិបាលកិច្ចប្រជាធិបតេយ្យ ផ្នែកអភិបាលកិច្ច នៃអង្គការ UNDP  និងក្រុមការងារគម្រោង SNC Scale-up នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានបន្តធ្វើទស្សនកិច្ចសិក្សាទៅកាន់ទីតាំងបណ្តាស្រុកគោលដៅអនុវត្តគម្រោងទាំងអស់ដែលស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តព្រះវិហារ។

ដំណើរការទស្សនកិច្ចនេះធ្វើឡើងដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោង SNC Scale-Up អំពីដំណើរការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពិនិត្យមើលផងដែរពីផលប៉ះពាល់ពីការអនុវត្តគម្រោងបន្សុំានៅថ្នាក់មូលដ្ឋានទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងស្ទាបស្ទង់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងអនុវត្តគម្រោង និងធានានូវនិរន្តរភាពនៃគម្រោងបន្សុំាការប្រែប្រួលអាកាសធាតុ។ ក្រុមការងារក៏បានជួបជាមួយមន្ត្រីរដ្ឋបាលខេត្ត ស្រុក ឃុំ និងជួបជាមួយអ្នកទទួលផលផងដែរ។

ការអនុវត្តគម្រោង SNC Scale-up ឆ្នាំ២០១៥ មាន៣២គម្រោង (ហេដ្ឋារចនាសម្ព័ន្ធ ១៧ និងសេវាសង្គម១៥) ក្នុងខេត្តគោលដៅ៣ មានខេត្តតាកែវ (ស្រុកព្រៃកប្បាស និងស្រុកត្រាំកក់) ខេត្តបាត់ដំបង (ស្រុកឯកភ្នំ) និងខេត្តព្រះវិហារ (ស្រុកជាំក្សាន្ត និងស្រុកគូលែន)៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់