ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃពុធ ១រោច ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការអភិបាលស្រុកមេមត់ ដោយមានការ ចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
បន្ទាប់ពីលោក បួន សេងសុវិទ្យា នាយកទីចាត់ការសាលាខេត្តត្បូងឃ្មុំ ឡើងអានសេចក្តីសម្រេចប្រកាសតែងតាំងអភិបាលស្រុកមេមត់ថ្មី ក៍ដូចជា លោក ស្រេង លី ឡើងធ្វើការប្តេជ្ញាចិត្តរួចមកឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ស្នើរឲ្យលោកអភិបាលស្រុកមេមត់ថ្មី បង្កើនកិច្ចសហការផ្ទៃក្នុង និងគ្រប់មជ្ឈដ្ឋានឲ្យបានល្អប្រសើរ និងត្រូវបែងចែកការងារឲ្យច្បាស់លាស់ សំដៅធ្វើយ៉ាងណាឲ្យការងាររដ្ឋបាលស្រុក កាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់ថា រាល់សុខទុក្ខមន្ត្រីរាជការ ដែលមានការលំបាកត្រូវជួយសម្រួល និងដោះស្រាយជូនពួកគាត់ ដែលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ និងការតម្រង់ទិសពីសំណាក់សម្តេចក្រឡាហោម ស ខេង ក៍ដូចជាលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តែងតែយកចិត្តទុកដាក់បំផុតចំពោះមន្ត្រីរាជការយើង។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ក៍បានក្រើនរំលឹកអាជ្ញាធរមូលដ្ឋាន អភិបាលស្រុក មេឃុំ មេភូមិ ត្រូវយកចិត្តទុកដាក់ខ្ពស់ ការចុះឲ្យដល់មូលដ្ឋាន ប្រមូលព័ត៍មាន យល់ឲ្យច្បាស់ពីសុខទុក្ខ និងចុះឲ្យកៀកជាប់ជាមួយពលរដ្ឋ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់ជូនពួកគាត់ ក៍ដូចជាប្រមូលសន្លឹកឆ្នោតពីពួកគាត់ ជូនគណបក្សប្រជាជនដូចគ្នាវិញផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នា សាមគ្គីគ្នា ដើម្បីដឹកនាំការងារក្នុងស្រុកឲ្យទទួលបានជោគជយ័ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព និងយកចិត្តទុកដាក់ទប់ស្កាត់ការរំលោភយកដីរដ្ឋ និងដីចំណីផ្លូវសាធារណៈផងដែរ។
សូមបញ្ជាក់ថា អភិបាលស្រុកមេមត់ ដែលត្រូវប្រកាសតែងតាំងឲ្យចូលកាន់តំណែងនៅថ្ងៃនេះគឺលោក ស្រេង លី អតីតអភិបាលស្រុកក្រូចឆ្មារ ជំនួសលោក ចេង ប៊ុណ្ណារ៉ា ត្រូវបានឡើងតំណែង ជាអភិបាលរងខេត្តត្បូងឃ្មុំ៕
ប្រភពរដ្ឋបាលខេត្តត្បូងឃ្មុំ