អគារ​រដ្ឋបាលថ្មីជួយសម្រួលការលំបាក​របស់​រដ្ឋបាល​ស្រុក​កោះ​ញែក

រតនគិរី ២៥ មេសា ២០១៦៖ ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលស្រុកកោះញែក ខេត្តរតនគិរី មានការលំបាកក្នុងការអនុវត្តការងារ ដោយពុំមានអគាររដ្ឋបាលសមរម្យសម្រាប់អនុវត្តការងារ។

រតនគិរី ២៥ មេសា ២០១៦៖ ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលស្រុកកោះញែក ខេត្តរតនគិរី មានការលំបាកក្នុងការអនុវត្តការងារ ដោយពុំមានអគាររដ្ឋបាលសមរម្យសម្រាប់អនុវត្តការងារ។ អគាររដ្ឋបាលសាលាស្រុកពីមុនមានសភាពចាស់ទ្រុឌទ្រោម និងខូចខាតស្ទើរតែទាំងស្រុង។

ដោយមើលឃើញការលំបាកទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្តល់នូវអគាររដ្ឋបាលថ្មីសម្រាប់បម្រើការងារជូនដល់រដ្ឋបាលស្រុកកោះញែក ដើម្បីបង្ករលក្ខណៈងាយស្រួលដល់មន្ត្រីរាជការក្នុងការបំពេញការងារ ដែលមានអគារបម្រើការងារសមរម្យ និងបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាផ្សេងៗនៅរដ្ឋបាលស្រុក។

ការផ្តល់នូវអគារដ្ឋបាលសម្រាប់រដ្ឋបាលស្រុកកោះញែកនេះ ពិតជាជួយសម្រួលដល់ការលំបាក របស់រដ្ឋបាលស្រុកកោះញែក បានមួយចំនួនធំផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តរតនគិរី បានថ្លែងក្នុងពិធីប្រគល់-ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំសាលាស្រុកកោះញែក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម លេង វី  អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថា ការផ្តល់នូវអគាររដ្ឋបាលស្រុកកោះញែក នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសម្រួល និងផ្តល់នូវទីកន្លែងបម្រើការងារសមរម្យដល់មន្ត្រីរាជការរបស់រដ្ឋបាលស្រុក ក្នុងការអនុវត្តការងារឲ្យបានល្អប្រសើរ និងបានជួយបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលយកនូវសេវាផ្សេងៗពីរដ្ឋបាលស្រុកផងដែរ ព្រោះថាទីតាំងរដ្ឋបាលសាលាស្រុកថ្មីស្ថិតនៅជិតទីប្រជុំជន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនងការងារផ្សេងៗ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ របស់ស្រុកកោះញែកឲ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។

លោក មើល សឿន អភិបាលស្រុកកោះញែក បានធ្វើការប្តេជ្ញាចិត្តខិតខំថែរក្សា ការពារនូវសមិទ្ធិផលទាំងនេះឲ្យបានគង់វង្សជានិរន្ត ដើម្បីបន្តដឹកនាំរដ្ឋបាលស្រុក ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក  និងរដ្ឋបាលឃុំ ឲ្យខិតខំអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ចូលរួមសកម្មភាពសង្គម    អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាថ្នាក់ដឹកនាំ និងលិខិតបទដ្ឋានច្បាប់ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងកិច្ចការអភិវឌ្ឍន៍ សំដៅបម្រើសេវាសាធារណៈឲ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីកាត់បន្ថយភាពក្រីក្រ និងទុកលំបាករបស់ប្រជាពលរដ្ឋពិតប្រាកដនៅមូលដ្ឋាន៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់