ពិធីប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី២

បាត់ដំបង ៥ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី២ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព…

បាត់ដំបង ៥ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី២ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គីមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអមដំណើរពីមន្ត្រីជាច្រើនរូបទៀត។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាក្រុង ស្រុក មន្ទីរជំនាញ អង្គភាព កងកម្លាំងប្រដាប់អាវុធ និង ស្ថាប័ននានាជុំវិញខេត្តសរុប២៣២នាក់ (ស្ត្រីប្រមាណ៣០នាក់)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអានសុន្ទរកថាស្វាគមន៍ និង រាយការណ៍ជូនអង្គពិធីទាំងមូលអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តបាត់ដំបង សម្រេចបានក្នុងរយៈពេលមួយអាណត្តិកន្លងទៅនេះ។

បន្ទាប់ពីឯកឧត្តម ឌុច សុន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ អានព្រះរាជក្រឹត្យទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តទាំង១៩រូប ដែលមានគណៈបក្សប្រជាជន១៥រូប និងគណៈបក្សសង្គ្រោះជាតិចំនួន៤រូប រួចមក ឯកឧត្តម កែ គិមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងសុន្ទរកថាផ្តាំផ្ញើ ដោយបានផ្តោតលើលទ្ធផលដ៏ល្អប្រសើររបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី១ ជាពិសេស ការអនុវត្តផែនការអនុវត្តបីឆ្នាំដំបង (ផអ៣) នៃកម្មវិធីជាតិ១០ឆ្នាំ របស់ គ.ជ.អ.ប និងបញ្ជាក់បន្ថែមពីយុទ្ធសាស្ត្រ ចតុកោណអាណត្តិទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចំណុចសំខាន់ៗដែលទាក់ទងនឹងគណនេយ្យ ភាពរបស់ក្រុមប្រឹក្សា ការផ្តល់សេវាដល់ប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព និងបានផ្តាំ ផ្ញើនូវចំណុចសំខាន់ៗ មួយចំនួនដែលទាក់ទងនឹងដំណើរប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាខេត្តឲ្យស្របតាមច្បាប់ ដែលមានចែងជាធរមានផងដែរ។

ឯកឧត្តម អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី និង អង្គពិធីទាំងមូលប្រកបដោយឆន្ទៈមុះមុតស្មោះត្រង់ និងភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ អនុវត្តតួនាទី ភារកិច្ចឲ្យបានល្អប្រសើរដោយគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមាន ជាធរមាន បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងក្រុមប្រឹក្សាខេត្ត គណៈអភិបាល ក្រសួង ស្ថាប័ន សមាគម អង្គការជាតិអន្តរជាតិនានា និងតាមដានត្រួតពិនិត្យរាល់ការងារទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បី ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់