កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២០១៤ និង​ទិសដៅ​ឆ្នាំ​២០១៥

កំពង់ឆ្នាំង ២០ មីនា ២០១៥៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៤ និងលើកទិសដៅសម្រាប់អនុវត្តន៍ការងារឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម ប៉ុន ណារិទ្ធិ អគ្គលេខាធិការ…

កំពង់ឆ្នាំង ២០ មីនា ២០១៥៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៤ និងលើកទិសដៅសម្រាប់អនុវត្តន៍ការងារឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្ដម ប៉ុន ណារិទ្ធិ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអគ្គលេខាធិការរង ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រធានអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីសរុបចំនួន២០០នាក់។

 

យោងតាមមន្ទីរព័ត៌មានខេត្តឱ្យដឹងថា លោកជំទាវអភិបាលរងខេត្តបានថែ្លងថា ចាប់ ពីខែសីហា ឆ្នាំ២០១៤ កម្ពស់ទឹកទន្លេមានការហក់ឡើងខ្ពស់រហូតដល់ ៨,៨៤ម៉ែត្រខ្ពស់ ជាងឆ្នាំ២០១១ ចំនួន០,២១ម៉ែត្រ។ ការហក់ឡើងរបស់ទឹកទន្លេគួបផ្សំ និងទឹកភ្លៀងបានធ្វើឱ្យមានទឹកជំនន់បំផ្លាញស្រូវខូចខាតអស់ចំនួន៣៥៣ហិកតា។ មកដល់ចុងខែសីហា ទើបទឹកស្រកចុះមានលំនឹង អាជ្ញាធរអាចជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបានជាធម្មតាវិញ។ ខ្យល់កន្រ្តាក់ ខ្យល់ព្យុះមាន៣២លើកបណ្តាលឱ្យរលំផ្ទះ៧៨ខ្នង របើកដំបូល និងទ្រេត៣៨២ខ្នង បណ្តាលឱ្យរងរបួសដល់ប្រជាពលរដ្ឋចំនួន១១នាក់ និង ធ្វើឱ្យខូចខាតដល់ទ្រព្យសាធារណៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនទៀត។ អគ្គីភ័យកើតមានចំនួន២៦លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន១នាក់ ឆេះផ្ទះអស់៣៧ខ្នង និង ខូចខាតទ្រព្យសម្បត្តិ សម្ភារមួយចំនួនទៀត។ ក្រៅពីនេះនៅមានរន្ទះបាញ់៥លើក ស្លាប់មនុស្ស១នាក់ ងាប់គោ១ក្បាល ធ្លាក់ពីលើទូកចំនួន១នាក់ ស្លាប់ដោយខែ្សភ្លើងឆក់២នាក់ និងលង់ទឹកស្លាប់១៨នាក់។

 

លោកជំទាវបានបន្តថា រាល់បញ្ហាប្រឈម អាជ្ញាធរខេត្តបានសហការជាមួយសាខាកាកបាទក្រហម អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍បានជួយ កាត់បន្ថយហានិភ័យ និងជួយដោះស្រាយសម្រាលការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធាន។

 

ឯកឧត្តម ប៉ុន ណារិទ្ធិ បានថែ្លងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងគណៈ កម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរនៅមុនពេលក្នុងពេល និងក្រោយពេលកើតមានគ្រោះមហន្ត រាយជាយថាហេតុម្តងៗ។

 

ឯកឧត្តមបានផ្តាំផ្ញើសូមឱ្យអាជ្ញាធរខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយកាកបាទក្រហម គ្រប់ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិស្វែងរកជំនួយត្រៀមបម្រុង ដើម្បីឆ្លើយតប បានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយនៅពេលខាងមុខ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=109551

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់