ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​ចាំបាច់​ត្រូវ​​មាន​កិច្ច​សហការ​រវាង​ក្រសួង ស្ថាប័ន​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​លើ​ផ្នែក​ផ្គត់ផ្គង់ និង​ផ្នែក​តម្រូវការ

ភ្នំពេញ ៣០ មករា ២០១៥៖  ឯកឧត្ដម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិអាចសម្រេចទៅបានចាំបាច់ត្រូវមានការចូលរួមសម្របសម្រួលនិងសហការអនុវត្តពីផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដែលតម្រូវឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវបន្តសហការល្អជាមួយនិងអង្គការសង្គមស៊ីវិលបន្ថែមទៀត។

 

ភ្នំពេញ ៣០ មករា ២០១៥៖  ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃនិងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអាចសម្រេចទៅបានចាំបាច់ត្រូវមាន ការចូលរួមសម្របសម្រួលនិងសហការអនុវត្តពីផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដែលតម្រូវឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវបន្តសហការល្អជាមួយនិងអង្គការសង្គមស៊ីវិលបន្ថែមទៀត។

 

ឯកឧត្ដម ជាម ប៉េអា បានថ្លែងនៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ជាមួយអង្គការសង្គមស៊ីវិលដែលអនុវត្តការងារគណនេយ្យភាពសង្គម ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាចែករំលែកពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានអនុវត្តកន្លងមក និងពិភាក្សាជ្រើសរើសស្រុកគោលដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៥ ជាពិសេសពិភាក្សាពីការរៀបចំកម្មវិធីសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការអនុវត្តផែនការគណនេយ្យភាពសង្គម ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ខាងមុខនេះ។

 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍បន្តទៀតថា សម្រាប់ដំណាក់កាលសាកល្បងអនុវត្តផែនការយុទ្ធសាស្ត្រនេះ ក្នុងឆ្នាំ២០១៤កន្លងទៅ លេខាធិការដ្ឋាន គ.ជ.អ.ប ដែលជាផ្នែកផ្គត់ផ្គង់ បានធ្វើការគាំទ្រផ្នែកបច្ចេកទេស និងធនធានដល់ស្រុកគោលដៅសរុបចំនួន២២ ក្នុងខេត្តចំនួន១២។  រហូតមកដល់ពេលនេះ ថ្នាក់ឃុំ និងស្រុកបានធ្វើការបិទផ្សាយជាសាធារណៈនូវកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C)  បានប្រមាណជាង៣០ភាគរយ។

 

តាមរយៈកិច្ចប្រជុំនេះ តំណាងអង្គការសង្គមស៊ីវិលបានជម្រាបពីវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានដែលមានដូចជា សមត្ថភាពរបស់អ្នកផ្ដល់សេវាត្រូវបានកើនឡើង និងមានការចូលរួមជាមួយអង្គការសង្គមស៊ីវិលច្រើនជាងមុន។  លើសពីនេះដែរ  រដ្ឋបាលស្រុកបានប្រមូលព័ត៌មាន និងរៀបចំបិតផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) ជាសាធារណៈបានទូលំទូលាយ ព្រមទាំង បានជ្រើសរើស និងបណ្ដុះបណ្ដាលពីគណនេយ្យភាពសង្គមដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ផងដែរ។

 

ទោះបីជាមានវឌ្ឍនភាពគួរអោយកត់សម្គាល់ក្តី តំណាងអង្គការសង្គមស៊ីវិលក៏បានជម្រាបពីបញ្ហាប្រឈមនានារួមមាន៖ (១). ការចូលរួមរបស់មន្ត្រីជំនាញនៅមានកម្រិត (២).ការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4C) នៅមានភាពយឺតយ៉ាវ (៣). សមត្ថភាពរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍នៅមានកម្រិតនៅឡើយ និង (៤). ប្រជាពលរដ្ឋពុំសូវមានការចូលរួមច្រើនព្រោះជារដូវកាលប្រមូលផល។

 

ផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដាក់ឱ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានតាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ផែនការយុទ្ធសាស្ត្រនេះនឹងជួយពង្រឹងសិទ្ធទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋតាមរយៈ៖ (១). ការសម្របសម្រួលឲ្យមានការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋទៅលើសកម្មភាព និងការផ្ដល់សេវាកម្មមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង (២). ការលើកកម្ពស់តម្លាភាព និងភាពងាយទទួលបានព័ត៌មានអំពីស្តង់ដារ ថវិកា និងការបំពេញការងារ។ លើសពីនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាអាចតាមដានមើលការបំពេញការងាររបស់អ្នកផ្ដល់សេវាសាធារណៈបានច្រើនជាងមុន ដោយផ្ទៀងផ្ទាត់ទៅតាមកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4C)។

 

ដើម្បីធានាបាននូវការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រស្ដីពីគណនេយ្យភាពសង្គមប្រកបដោយ គ.ជ.អ.ប បានរៀបចំជាផែនការអនុវត្ត៣ឆ្នាំ (២០១៥-២០១៧) ដោយបានពិនិត្យនិងពិគ្រោះយោបល់ជាមួយតំណាងសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

សម្រាប់ឆ្នាំ២០១៤ កន្លងមក លេខាធិការដ្ឋាន គ.ជ.អ.ប បានសម្របសម្រួលនិងសហការអនុវត្តក្នុងភាពជាដៃគូជាមួយអង្គការ សង្គមស៊ីវិលចំនួន៦ រួមមានអង្គការ PACT, WVI, RACHA, Save the Children, CARE និង STAR Kampuchea ធ្វើការអនុវត្តសាកល្បងលើស្រុកគោលដៅចំនួន២២ (សាលាឃុំចំនួន១៨៦ឃុំ សាលាបឋមសិក្សាចំនួន៨៩១សាលា និងមណ្ឌលសុខភាពចំនួន ១៣៦មណ្ឌល) ដែលគ្របដណ្ដប់ប្រជាពលរដ្ឋទទួលសេវាសរុបប្រមាណ១,៥លាននាក់។ ហើយសកម្មភាពនេះនឹងគ្រោងពង្រីកបន្ថែមរហូតដល់គ្របដណ្ដប់បានគ្រប់ឃុំនៅក្នុងស្រុកចំនួន១២០ស្រុក ក្នុងឆ្នាំ២០១៧ខាងមុខ ដែលបទពិសោធន៍ដែលទទួលបាន នឹងយកទៅបន្តរៀបចំសម្រាប់អនុវត្តនៅថ្នាក់ស្រុក ក្រុង រាជធានី ខេត្ត បន្ថែមទៀត៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់