លេខាធិការដ្ឋាន គ.ជ.អ.ប និង​ក្រសួង​សុខាភិបាល​ពិនិត្យ​មុខងារ​សម្រាប់​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៧ កញ្ញា ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសតំណាងក្រសួងសុខាភិបាល ដើម្បីធ្វើការពិគ្រោះយោបល់លើសេចក្ដីព្រាងបឋមនៃបញ្ជីមុខងារវិស័យអាទិភាពសម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ភ្នំពេញ ៧ កញ្ញា ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសតំណាងក្រសួង សុខាភិបាល ដើម្បីធ្វើការពិគ្រោះយោបល់លើសេចក្ដីព្រាងបឋមនៃបញ្ជីមុខងារវិស័យ អាទិភាពសម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានដឹកនាំកិច្ចប្រជុំមានប្រសាសន៍ថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ លើកទី១២ របស់គ.ជ.អ.ប បានណែនាំឱ្យលេខាធិការដ្ឋានរៀបចំសេចក្ដីព្រាងមុខងារដែលមានលក្ខណៈសមស្របសម្រាប់ផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមមានកិច្ចសម្របសម្រួលជាមួយក្រសួង ស្ថាប័នអស់រយៈពេលបីឆ្នាំកន្លងមក។

 

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍ថា៖ «ស្ថានភាពនៃការសម្របសម្រួលជាមួយក្រសួងកន្លងមកស្មុគស្មាញ ហើយមានតែក្រសួងចំនួនពីរទេ [ក្រសួងបរិស្ថាន និងក្រសួងអប់រំ] ដែលធ្វើការសម្រេចចិត្តក្នុងការផ្ទេរមុខងារក្នុងបែបផែនច្បាស់លាស់ និងមានលក្ខណៈជាការប្រគល់។ ទន្ទឹមនឹងនោះក៏មានក្រសួងមួយចំនួនទៀតបានធ្វើការតាំងចិត្តដែរ តែការផ្ទេរក្នុងមុខងារតូចតាច និងលក្ខណៈប្រតិភូកម្ម ដែលទីបញ្ជាប់ការទទួលខុសត្រូវនៅតែជារបស់ក្រសួងដដែល»។

 

ឯកឧត្ដមបានបញ្ជាក់ថា គោលបំណងនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺមានបំណងផ្ទេរមុខងារដែលមានលក្ខណៈជាតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋទៅឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាអ្នកផ្ដល់សេវាកម្មដែលច្បាស់លាស់តែម្ដង។

 

គួរបញ្ជាក់ថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ គ.ជ.អ.ប លើកទី១២ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំពង្រាងបញ្ជីមុខងារក្នុងវិស័យអាទិភាពចំនួន០៩ ផ្អែកលើបញ្ជីវិភាគមុខងារ និងរបាយការណ៍នៃការត្រួតពិនិត្យមុខងារឡើងវិញរបស់ក្រសួង ស្ថាប័ន ហើយនឹងត្រូវធ្វើការពិគ្រោះយោបល់ជាមួយក្រសួងសាមីដាច់ដោយឡែកពីគ្នាចាប់ពីថ្ងៃទី០៧-០៩ ខែកញ្ញា ឆ្នាំ២០១៦។ ចំពោះវិស័យអាទិភាពទាំង០៩ដែលត្រូវធ្វើការពិភាក្សារួមមាន៖ ១. វិស័យអប់រំ ២.វិស័យសុខាភិបាល ៣.វិស័យអភិវឌ្ឍន៍ជនបទ ៤. វិស័យធនធានធម្មជាតិ ៥. វិស័យកសិកម្ម ៦. វិស័យបរិស្ថាន  ៧. វិស័យទេសចរណ៍  ៨. វិស័យសង្គមកិច្ច និង ៩. វិស័យសាធារណការ និងដឹកជញ្ជូន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់