ប្រទេសឥណ្ឌូនេស៊ី៖ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំគណៈប្រតិភូពីលេខាធិការដ្ឋានចំនួន០៤រូប ដើម្បីចូលរួមសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹង ស្តីពី «វិធីសាស្រ្តពហុវិស័យក្នុងការដោះស្រាយកង្វះអាហារូបត្ថម្ភលើកុមារ» ដែលបានរៀបចំឡើងដោយធនាគារពិភពលោក (World Bank) នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។
គោលដៅសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖ (១). ស្វែងយល់ពីបទពិសោធន៍នៃគម្រោងរបស់ប្រទេសឥណ្ឌូនេស៊ី « ការផ្តល់អាហារូបត្ថម្ភតាំងពីនៅជាទារក (Investing in Nutrition and Early Years)» និងពិភាក្សាអំពីគំនិតផ្តួចផ្តើម ដំណើរការ មេរៀនបទពិសោធន៍ និងការអនុវត្តជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយ។ (២). ពិនិត្យមើលការអនុវត្តនៅថ្នាក់ស្រុក និងភូមិ និងពិភាក្សាប្រតិបត្តិការនៃវិធីសាស្រ្តពហុវិស័យក្នុងការដោះស្រាយកង្វះអាហារូបត្ថម្ភលើកុមារតាមរយៈសកម្មភាពផ្សេងៗ ដើម្បីគាំពារសុខភាព អភិបាលកិច្ចមូលដ្ឋាន និងកិច្ចគាំពារសង្គមជាដើម។ (៣). ចែករំលែកជាមួយនឹងក្រុមការងារឥណ្ឌូនេស៊ី និងទីម័រអំពីការរៀបចំបង្កើតគម្រោងអាហារូបត្ថម្ភ នៃប្រទេសកម្ពុជា និងពិភាក្សារកចំនុចសិក្សារួម និងគន្លឹះដែលអាចអនុវត្តសម្រាប់ប្រទេសទាំង៣។
ជាលទ្ធផលតាមរយៈសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹងនេះ ក្រុមការងារសង្កេតឃើញថាប្រទេសឥណ្ឌូនេស៊ី ទទួលបានភាពជោគជ័នក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺក្រិន ដែលកាលពីឆ្នាំ២០១៣ ចំនួន ៣២.៩ភាគរយ នៃកុមារឥណ្ឌូនេស៊ីដែលមានអាយុក្រោម២ឆ្នាំ អត្រានេះត្រូវបានកាត់បន្ថយមកត្រឹម ៣០.៨ភាគរយ ក្នុងឆ្នាំ២០១៨។ កត្តាដែលធ្វើឱ្យមានភាពជោគជ័យខាងលើរួមមាន៖
- ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិដែលដឹកនាំ និងសម្របម្រួលដោយគណៈរដ្ឋមន្ត្រី
- ការតាំងចិត្តខ្ពស់ផ្នែកគោលនយោបាយ និងភាពជាម្ចាស់ពីថ្នាក់ជាតិ រហូតដល់ភូមិ
- ការកំណត់តួនាទីភារកិច្ចរបស់អ្នកពាក់ព័ន្ធមានភាពច្បាស់លាស់
- ការសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តនូវផែនយុទ្ធសាស្ត្រត្រូវបានរៀបចំឡើងបានច្បាស់លាស់ ជាពិសេសការអភិវឌ្ឍ សមត្ថភាព និងទំនាក់ទំនងទាំងខ្សែបណ្តោយ និងខែ្យទទឹង
- ការកំណត់ខ្ទង់ថវិកាច្បាស់លាស់សម្រាប់ការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិ
- ការដាក់ចេញនូវក្របខ័ណ្ឌគត្តិយុទ្ធច្បាស់លាស់សម្រាប់ចង្អុលបង្ហាញតម្រង់ទិសលើការអនុវត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ការធ្វើសមាហរន្ថកម្មផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនីមួយៗឱ្យមានភាពស៊ីសង្វាក់គ្នា និងមានការឆ្លើយតបចំពោះផែនការយុទ្ធសាស្ត្រជាតិ
- ការផ្សារភ្ជាប់រវាងផែនការយុទ្ធសាស្ត្រជាតិ និងកម្មវិធីផ្ទេរសាច់ប្រាក់ដល់អ្នកទទួលផល
- ឯកសារសម្រាប់បណ្តុះបណ្តាល និងផ្សព្វផ្សាយមានភាពទាក់ទាញ ព្រមទាំងមានភាពងាយយល់ និងងាយអនុវត្ត
- ការរៀបចំឱ្យមានមន្ត្រីអភិវឌ្ឍន៍ធនធានមនុស្សនៅតាមភូមិដើម្បីចុះអប់រំផ្សព្វផ្សាយ និងតាមដានការរីកលូតលាស់របស់កុមារ និងការវិវឌ្ឍរបស់ស្រ្តីមានផ្ទៃពោះ
- ក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យត្រូវបានរៀបចំច្បាស់សាល់ និងអនុវត្តជាប្រចាំ និងកំពុងសាកល្បងឈានចូលដល់ចាប់ផ្តើមប្រើប្រាស់នូវការតាមដានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា
ជារួមមេរៀបបទពិសោធទាំងនេះ ផ្តល់់ធាតុចូលជាច្រើនសម្រាប់ការរៀបចំ និងការអនុវត្តនៃគម្រោមអាហារូបត្ថម្ភកម្ពុជាដែលនឹងត្រូវដាក់ឱ្យអនុវត្តនាពេលខ្លីខាងមុខនេះ៕