បង្កើន​ការ​យល់ដឹង​លើ​ការ​លើកកម្ពស់​សមធម៌​សង្គម​ និង​បរិយាប័ន្ន​នៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៧ កញ្ញា ២០១៦៖ ដើម្បីបង្កើនការយល់ដឹងដល់ថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធលើការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ន លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងកិច្ចការនារី កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការផ្សព្វផ្សាយឯកសារបច្ចេកទេសស្ដីពីការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ភ្នំពេញ ២៧ កញ្ញា ២០១៦៖ ដើម្បីបង្កើនការយល់ដឹងដល់ថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធលើការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ន លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងកិច្ចការនារី កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការផ្សព្វផ្សាយឯកសារបច្ចេកទេសស្ដីពីការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

លោក សុខ សុទ្ធី ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍគោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈផ្នែកនយោបាយមោះមុតក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

 

លោកបានបន្តទៀតថា ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ត្រូវបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទាំងនៅក្នុងក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌអនុវត្តតាំងពីដំណាក់កាលដំបូងនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

 

លោកសុខ សុទ្ធី បានបញ្ជាក់បន្ថែមទៀតថា ចំនួនរបស់ស្ត្រីចូលរួមក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តកើនឡើងពីអាណត្តិមួយទៅអាណត្តិមួយ។ « លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងកិច្ចការនារី បាននឹងកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការជំរុញការបង្កើនចំនួនស្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអាចសម្រេចបាននូវចំណុចដៅ ដែលបានកំណត់ត្រឹមឆ្នាំ២០១៧ ក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ពោល គឺ ១៦% នៃនាយករដ្ឋបាល និងនាយករងរដ្ឋបាលសាលារាជធានី ខេត្ត នាយកទីចាត់ការ និងនាយរងទីចាត់ការចំណុះសាលារាជធានី ខេត្តជាស្រ្តី និង២២% នៃនាយករដ្ឋបាល និងនាយករងរដ្ឋបាលសាលាក្រុង ស្រុក ខណ្ឌជាស្រ្តី និង២៣%ជាប្រធាន និងអនុប្រធានការិយាល័យនៅថ្នាក់ក្រុង ស្រុក ខណ្ឌជាស្ត្រី»។

 

ក្នុងឱកាលនោះដែរ លោក ម៉ាក ឌឺវីត តំណាងប្រចាំប្រទេសនៃអង្គការ យូអិនអេហ្វភីអេ បានស្វាគមន៍ចំពោះការដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយឯកសារបច្ចេកទេសដល់ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដែលនេះជាជំហានដ៏សំខាន់និងត្រឹមត្រូវមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅដោះស្រាយបញ្ហានានាទាក់ទិនសមធម៌សង្គម និងបរិយាប័ន្ននៅក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ «ខណៈដែលរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានសិទ្ធអំណាច មុខងារ និងធនធានកាន់តែច្រើនឡើងៗពីថ្នាក់ជាតិនោះ ជាការចាំបាច់ដែលត្រូវធានាថាកង្វល់ និងតម្រូវការរបស់ជនងាយរងគ្រោះជាពិសេសស្ត្រី កុមារ យុវជន និងជនពិការជាដើមត្រូវបានទទួលស្គាល់ និងត្រូវដោះស្រាយ»៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់