ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​ស្ថាប័ន​ និង​ធនធាន​មនុស្ស​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បន្ថែម​ទៀត

ភ្នំពេញ ៦ កុម្ភៈ ២០១៥៖ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គ.ជ.អ.ប បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តជំរុញ និងពង្រឹងការអភិវឌ្ឍស្ថាប័ន និង ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតដើម្បីសម្រេចឱ្យបានទៅតាម លទ្ធផលរំពឹងទុករបស់ផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២ (ផអ៣ទី២ ឆ្នាំ ២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ភ្នំពេញ ៦ កុម្ភៈ ២០១៥៖ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តជំរុញ និងពង្រឹងការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតដើម្បីសម្រេចឱ្យបានទៅតាមលទ្ធផលរំពឹងទុករបស់ផែនការអនុវត្តបីឆ្នាំដំណាក់កាលទី២ (ផអ៣ទី២ ឆ្នាំ ២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងដូច្នេះក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៥ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។

 

ឯកឧត្ដម បន្តថា៖ «ក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបន្តជំរុញ និងពង្រឹងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត ដោយផ្តល់អាទិភាពជាសំខាន់ទៅលើការរៀបចំបង្កើតនូវមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៅតាមរាជធានី ខេត្ត និងការរៀបចំបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធានាដល់ការសម្របសម្រួល ការកៀរគរការគាំទ្រ និងការពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់អន្តរាគមន៍អភិវឌ្ឍសមត្ថភាពផ្អែកតាមតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»។

 

ដោយ ផអ៣ទី២ បានកំណត់ឱ្យរាជធានី ខេត្តទាំងអស់ត្រូវរៀបចំ និងបង្កើតមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សដែលជាយុទ្ធសាស្ត្រថ្មីក្នុងការអភិវឌ្ឍន៍សមត្ថភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យមានការគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់ក្រុមប្រឹក្សា និងមន្ត្រី បុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្អែកលើតម្រូវការនៅមូលដ្ឋាន។

 

ក្នុងរបាយការណ៍បូកសរុបលទ្ធផលរបស់សិក្ខាសាលារៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានផ្ដាំផ្ញើថា ដោយសារមណ្ឌលអភិវឌ្ឍន៍ធនធាននេះជារឿងថ្មីសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងដោះស្រាយបញ្ហានានាដែលអាចនឹងកើតឡើងនៅពេលបង្កើតមណ្ឌលធនធាននេះ។

 

ផ្អែកតាមផអ៣ទី២នេះ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរាជធានី ខេត្តនីមួយៗ នឹងត្រូវប្រមូលផ្ដុំទីប្រឹក្សា និងមន្ត្រីសម្របសម្រួលក្រុមប្រឹក្សានានា ដើម្បីផ្ដោតការយកចិត្តទុកដាក់ភាគច្រើនលើការអភិវឌ្ឍសមត្ថភាព។  មណ្ឌលនឹងដើរតួសំខាន់ជាកន្លែងប្រមូលផ្ដុំបំពេញការងារតែមួយ ដែលមានលទ្ធភាពក្នុងការប្រើប្រាស់បណ្ដាញព័ត៌មានវិទ្យា ឯកសារគតិយុត្ត សៀវភៅណែនាំ សេចក្ដីណែនាំ សម្ភារៈបណ្ដុះបណ្ដាល និងទំនាក់ទំនងព័ត៌មាន សម្ភារៈការិយាល័យ និងមធ្យោបាយធ្វើដំណើររួមគ្នា។

 

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់ជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ បានរៀបចំរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ៤-៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំក្រសួងមហាផ្ទៃ មានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនានានៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួននៅរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលមានចំនួនសរុបប្រមាណ៤៣០នាក់ (ស្ត្រី៩២នាក់)។

 

សិក្ខាសាលានេះមានបំណង៖
១. បង្ហាញវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៤
២. បង្ហាញពីសេចក្ដីព្រាងការវិភាជន៍មូលនិធិសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០១៥
៣. ពិនិត្យ ពិភាក្សា និងបន្ស៊ីគ្នារវាងផែនការអភិវឌ្ឍសមត្ថភាពផ្នែកផ្គត់ផ្គង់ ផ្នែកតម្រូវការ
៤. ពិនិត្យ ពិភាក្សា និងឯកភាពគ្នារវាងក្រសួង ស្ថាប័ន និងរាជធានី ខេត្តលើសេចក្តីព្រាងនៃផែនការអភិវឌ្ឍសមត្ថភាពរបស់មជ្ឈមណ្ឌលធនធានមនុស្សរាជធានី ខេត្តសម្រាប់ឆ្នាំ២០១៥
៥. ពិភាក្សា និងកំណត់សំណូមពរ និងដំណោះស្រាយអំពីបញ្ហានានាពាក់ព័ន្ធនឹងការងារអនុវត្ត និងការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារបច្ចេកទេសដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តផែនការសកម្មភាព និងថវិកា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់