ការ​អនុវត្ត​កំណែទម្រង់​ទាំង​៣ ​ធានា​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​អភិបាលកិច្ច​ល្អ​

ភ្នំពេញ ២៤ វិច្ឆិកា ២០១៦៖ « ភាពប្រទាក់ក្រឡាគ្នានៃការអនុវត្តគោលនយោបាយកំណែទម្រង់ទាំង៣របស់រាជរដ្ឋាភិបាល គឺកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាបានទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់អភិបាលកិច្ចល្អទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០១៧ និងបណ្ដាឆ្នាំខាងមុខ នឹងត្រូវបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»។

ភ្នំពេញ ២៤ វិច្ឆិកា ២០១៦៖ « ភាពប្រទាក់ក្រឡាគ្នានៃការអនុវត្តគោលនយោបាយកំណែទម្រង់ទាំង៣របស់រាជរដ្ឋាភិបាល គឺកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាបានទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់អភិបាលកិច្ចល្អទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០១៧ និងបណ្ដាឆ្នាំខាងមុខ នឹងត្រូវបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»។

 

នេះជាកាលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៧ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្តទៀតថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការធានាឱ្យបាននូវគោលនយោបាយសារពើពន្ធ ប្រកបដោយចីរភាព ស័ក្ដិសិទ្ធិភាពនៃការវិភាជន៍ធនធាន និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ។ ដើម្បីសម្រេចគោលដៅនេះ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាគន្លឹះនៃការផ្តល់សេវាសាធារណៈដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៧ខាងមុខ គ.ជ.អ.ប មានលទ្ធផលរំពឹងទុកចំនួនប្រមាណ៣៦ ដែលត្រូវសម្រេចឱ្យបាន ដែលគ្រោងថវិកាប្រមាណ៤៣៨លានដុល្លារ ដែលក្នុងនោះមានថវិការដ្ឋចំនួនប្រមាណ៣៩៦លានដុល្លារ និងថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ចំនួន៤២លានដុល្លារ។ បើប្រៀបធៀបនឹងឆ្នាំ២០១៦ ថវិការដ្ឋដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ២០១៧ខាងមុខ មានចំនួនកើនឡើងប្រមាណជិត៧០លានដុល្លារដោយសារកំណើនសេដ្ឋកិច្ចជាតិ និងការបង្កើតឱ្យមាននូវប្រភពចំណូលផ្សេងៗទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៧ គឺដើម្បីពិភាក្សាអំពីលទ្ធផលរំពឹងទុកសម្រាប់ផែនការសកម្មភាពនិងថវិកា ឆ្នាំ២០១៧ និងបញ្ហាប្រឈមនានាដែលបានអនុវត្តក្នុងឆ្នាំ២០១៦។

 

សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលមានចំនួនសរុបប្រមាណជាង៥០០នាក់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់