កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​បាន​ឈាន​ដល់​ចំណុច​រសើប

ភ្នំពេញ ៤ មករា ២០១៧៖ «កាអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានដើរដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងឈានដល់ចំណុចរសើប។ ការសម្រេចចិត្តក្នុងការផ្ទេរសិទ្ធអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺមិនងាយមានការស្រុះស្រួលគ្នាទាំងស្រុងនោះទេ»។

ភ្នំពេញ ៤ មករា ២០១៧៖ «កាអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានដើរដល់ដំណាក់កាលកាន់តែស៊ីជម្រៅ និងឈានដល់ចំណុចរសើប។ ការសម្រេចចិត្តក្នុងការផ្ទេរសិទ្ធអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺមិនងាយមានការស្រុះស្រួលគ្នាទាំងស្រុងនោះទេ»។

 

នេះជាប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំ គ.ជ.អ.ប លើកទី១៣ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

 

សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា« យើងទាំងអស់គ្នាសុទ្ធតែគាំទ្រដល់កំណែទម្រង់របស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យរដ្ឋបាលសាធារណៈគឺមានការកែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ។ នៅពេលអនុវត្តជាក់ស្ដែង ក្រសួង ស្ថាប័ននីមួយៗត្រូវធ្វើពលីកម្មហើយ [ផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ]។ ពេលផ្ទេរមុខងារហើយ ត្រូវមានការទួលខុសត្រូវដូចម្ដេចដើម្បីធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តតួនាទី ភារកិច្ច មានប្រសិទ្ធភាពជាងការគ្រប់គ្រងរបស់ថ្នាក់ជាតិ»។

 

ផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២ ២០១៥-២០១៧ (ផអ៣ទី២) នៃកម្មវិធីជាតិ បានកំណត់យកការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាបញ្ហាអាទិភាពមួយ។ ដើម្បីគាំទ្រដល់កិច្ចដំណើរការនេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាក្នុងការរៀបចំបញ្ជីមុខងារក្នុងវិស័យអាទិភាពចំនួន០៧ សម្រាប់ស្នើផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ដើម្បីគាំទ្រដល់ដំណើរការផ្ទេរមុខងារ និងធនធាន សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ត្រូវចាប់ផ្ដើមរៀបចំផ្ទេរមុខងារចាប់ពីឆ្នាំ២០១៧នេះតទៅ តាមដំណាក់កាលផ្សេងៗគ្នា ផ្អែកតាមស្ថានភាពផ្សេងគ្នានៃមុខងារទាំងនោះ ដើម្បីធានាថាចាប់ពីឆ្នាំ២០១៨តទៅ មុខងារទាំងនេះនឹងត្រូវបានអនុវត្តយ៉ាងពេញលេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសម្រេចអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖

១. កំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី១២
២. ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧របស់គ.ជ.អ.ប
៣. អនុក្រឹត្យស្ដីពី ការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤. អនុក្រឹត្យស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៥. សេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
៦. សេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៧. បញ្ជីមុខងារក្នុងវិស័យអាទិភាពនានាដែលត្រូវស្នើផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
៨. ឯកសារបំពេញបន្ថែមចំពោះកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង
៩. របាយការណ៍ស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃអំពីស្ថានភាពនៃប្រព័ន្ធគ្រប់គ្រងវិស័យជំនាញនានានៅថ្នាក់ក្រុង ស្រុកនាពេលបច្ចុប្បន្ន៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់