លិខិត​ឆ្លើយ​តប​ របស់​លេខាធិការដ្ឋាន​គ.ជ.អ.ប ទៅ​កាន់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​លើ​អត្ថបទ​វិភាគ​សង្គម​ដែល​មាន​ចំណង​ជើង​ថា «តើ​រដ្ឋាភិបាល​ធ្វើ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ដើម្បី​អ្វី?»

ភ្នំពេញ ១២ មិថុនា ២០១៥៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ចុះលេខ១៤៥២ បានចុះផ្សាយនូវអត្ថបទវិភាគសង្គមមួយដែលមានចំណងជើងថា៖ “ តើរដ្ឋាភិបាលធ្វើវិមជ្ឈការ និងវិសហមជ្ឈការដើម្បីអ្វី? ”…

ម្ចាស់ជំនួយពិនិត្យមើលលទ្ធផលគម្រោងការប្រែប្រួលអាកាសធាតុនៅខេត្តតាកែវកន្លងមក។ រូបថត គ.ជ.អ.ប

 

ភ្នំពេញ ១២ មិថុនា ២០១៥៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ចុះលេខ១៤៥២ បានចុះផ្សាយនូវអត្ថបទវិភាគសង្គមមួយដែលមានចំណងជើងថា៖ “ តើរដ្ឋាភិបាលធ្វើវិមជ្ឈការ និងវិសហមជ្ឈការដើម្បីអ្វី? ”។ នៅក្នុងអត្ថបទនេះ មានឃ្លាមួយចំនួនបានលើកឡើងថា “ ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមើលទៅនៅតែវិលវល់ៗមិនទៅណាឆ្ងាយសោះ…”  “កិច្ចការនេះមើលយូរៗទៅដូចជាគ្រាន់តែជាកំណែទម្រង់មួយដើម្បីបំភាន់ភ្នែកម្ចាស់ជំនួយថាបានធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យតែប៉ុណ្ណឹង តែតាមពិតទទេស្អាត” “ ហើយគ្រាន់តែបង្ហិនតែពេលវេលា និងថវិកាជាតិ និងថវិការបស់ម្ចាស់ជំនួយតែប៉ុណ្ណោះ”។

 

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លេខាធិការដ្ឋាន គ.ជ.អ.ប សូមធ្វើការបកស្រាយបំភ្លឺដូចតទៅ៖ ជារួម អត្ថបទនេះពុំបានឆ្លុះបញ្ចាំងនូវការពិតអំពីការវិវត្តនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈ ការ និងវិសហមជ្ឈការដែលកំពុងកើតមានឡើងនៅកម្ពុជានោះឡើយ ហើយប្រការនេះអាចធ្វើឱ្យសាធារណជនយល់ច្រឡំថា គ.ជ.អ.ប និងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលពុំបានធ្វើអ្វីទាល់តែសោះ។ ជាក់ស្តែង រហូតមកទល់ពេលនេះ យើងបានខិតខំចំណាយទាំងពេលវេលា និងថវិកាជាច្រើន ព្រមទាំងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់នានានៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលក្នុងនោះរួមមាន ការកសាងនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីថ្មីៗនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំនូវយន្តការចាំបាច់នានាដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ធានាដល់ការចាប់ផ្តើមធ្វើការសម្រេចចិត្តក្នុងការផ្ទេរមុខងារ និងធនធានជាក់លាក់ និងសមស្របនានាឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ៦៨អនក្រ.បក ស្តីពីកិច្ចដំណើរការទូទៅនៃការផ្ទេរមុខងារ និងធនធានឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិបានតម្រូវឱ្យរៀបចំកិច្ចដំណើរការផ្ទេរមុខងារ និងធនធាននេះឱ្យមានលក្ខណៈជាប្រព័ន្ធ តាមដំណាក់កាល មានសនិទានភាព ការសម្របសម្រួល ការពិគ្រោះយោបល់ តម្លាភាព និងប្រកបដោយសមធម៌។ ក្នុងន័យនេះ ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិពុំត្រូវធ្វើឡើងក្នុងលក្ខណៈជាគំហុក ប៉ុន្តែចាំបាច់ត្រូវអនុវត្តដោយមានការប្រុងប្រយ័ត្ន មានផែនការច្បាស់លាស់ មានភាពប្រាកដប្រជាដើម្បីធានាថា មុខងារ និងធនធានដែលនឹងត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះត្រូវបានគ្រប់គ្រង ចាត់ចែង និងអនុវត្តប្រកបដោយការទទួលខុសត្រូវកាន់តែមានប្រសិទ្ធភាព  មានតម្លាភាព មានគណនេយ្យភាព និងកាន់តែទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។

 

ផ្អែកតាមស្មារតីនេះ រហូតដល់ពេលនេះ ក្រសួងសំខាន់ៗចំនួន៤ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍជនបទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងបរិស្ថាន បានរៀបចំបញ្ចប់នូវកិច្ចដំណើរការវិភាគ និងកំណត់នូវមុខងារនិងធនធានសម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយ។ ទន្ទឹមនឹងនោះ មុខងារ និងធនធានមួយចំនួនក៏កំពុងត្រូវបានផ្ទេរសាកល្បងទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនផងដែរ ដូចជា មុខងារគ្រប់គ្រងមណ្ឌលសុខភាព មុខងារថែទាំនិងជួសជុលប្រព័ន្ធទឹកស្អាតជនបទជាដើម។ លើសពីនេះ ក្រសួង ស្ថាប័នខាងលើក៏បាន និងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការផ្ទេរមុខងារ និងធនធានដែលបានកំណត់សម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០១៥នេះ គ.ជ.អ.ប ក៏បានសម្របសម្រួលជាមួយក្រសួង ស្ថាប័នមួយចំនួនផ្សេងទៀតដើម្បីចាប់ផ្តើម និងរៀបចំកិច្ចដំណើរការកំណត់មុខងារ និងធនធានសម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

 

ពាក់ព័ន្ធនឹងថវិកាជាតិ និងថវិការបស់ដៃគូអភិវឌ្ឍន៍ (ឬហៅថាម្ចាស់ជំនួយ) សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់ គ.ជ.អ.ប និងក្រសួង ស្ថាប័នបានប្រើប្រាស់ស្របទៅតាមសកម្មភាពជាអាទិភាពនានាដែលបានកំណត់នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ផែនការអនុវត្ត៣ឆ្នាំតាមដំណាក់កាលនីមួយៗនៃកម្មវិធីជាតិ និងតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ដែលកម្មវិធី និងផែនការទាំងនេះសុទ្ធសឹងត្រូវបានរៀបចំតាក់តែងដោយមានការពិភាក្សា និងឯកភាពគ្នាទាំងក្នុងរង្វង់ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក៏ដូចជាជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានាផងដែរ។ ជាងនេះទៅទៀត ការងារគ្រប់គ្រងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងថវិការបស់ដៃគូអភិវឌ្ឍន៍ ក៏ត្រូវបានអនុវត្តទៅតាមនីតិវិធីគ្រប់គ្រង់ហិរញ្ញវត្ថុរបស់ គ.ជ.អ.ប ដែលទទួលស្គាល់ដោយដៃគូអភិវឌ្ឍន៍ផងដែរ។ 

 

លេខាធិការដ្ឋាន គ.ជ.អ.ប សូមគូសបញ្ជាក់ថា ការវិភាជន៍ និងការប្រើប្រាស់ថវិកាទាំងនេះសុទ្ធសឹងតែមានការឯកភាពពីដៃគូអភិវឌ្ឍន៍ ហើយរាល់លទ្ធផលនៃការធ្វើសវនកម្មប្រចាំឆ្នាំពីទីភ្នាក់ងារសវនកម្មឯករាជ្យមកលើការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ក៏ពុំដែលបង្ហាញឱ្យឃើញថា មានកង្វះខាតណាមួយគួរឱ្យកត់សម្គាល់នោះឡើយ។ 

 

ទោះជាយ៉ាងណាក៏ដោយ លេខាធិការដ្ឋាន គ.ជ.អ.ប សូមថ្លែងអំណរគុណចំពោះសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ជាពិសេសចំពោះម្ចាស់អត្ថបទដែលកន្លងមកតែងបានខិតខំចំណាយពេលវេលាសរសេរអត្ថបទជាច្រើនដែលមានលក្ខណៈជាការកោតសរសើរផង និងតិទៀនផងពាក់ព័ន្ធទៅនឹងលទ្ធផលនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដោយ៖ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប

អត្ថបទដើមចុះផ្សាយលើគេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍

លិខិតរបស់លេខាធិការដ្ឋានផ្ញើរជូនសារព័ត៌មានភ្នំពេញប៉ុស្តិ៍

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់