ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំអំពី ការរៀបចំសេចក្តីព្រាងលទ្ធផលរំពឹងទុក និងផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៩ នៃផែនការអនុវត្តបីឆ្នាំ (ផអ៣) ដំណាក់កាលទី៣នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយសមាសភាព ឯកឧត្តមប្រធានអង្គភាព PMSD ឯកឧត្តមទីប្រឹក្សា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ ផអ៣ ប្រមាណ ៦០រូប។
អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (PMSD)នៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចប្រជុំជាមួយមន្ត្រីទទួលបន្ទុកអនុវត្ត ផ.ស.ថ នៃផអ៣ទី៣រាជធានី ខេត្តឡើង ក្នុងគោលបំណងណែនាំអំពី ការរៀបចំសេចក្តីព្រាងលទ្ធផលរំពឹងទុក និងសកម្មភាព ផ.ស.ថ ឆ្នាំ២០១៩ នៃផអ៣ទី៣។
នៅក្នុងកិច្ចប្រជុំនេះ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញអំពី វឌ្ឍនភាព និងបញ្ហាប្រឈមួយចំនួន អំពីការអនុវត្តសកម្មភាពនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ និងកំណត់ផែនសកម្មភាពសម្រាប់បន្តអនុវត្តនៅក្នុងត្រីមាសទី៤។ លើសពីនេះ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញសំខាន់ៗមួយចំនួនទៀត រួមមាន បទបង្ហាញស្តីពី សេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកនៃ ផ.ស.ថ. ឆ្នាំ២០១៩ របស់ គ.ជ.អ.ប, ការពិនិត្យ និងការផ្តល់យោបល់លើសេចក្តីព្រាងបឋមលទ្ធផលរំពឹងទុកឆ្នាំ២០១៩ និងការណែនាំអំពីការរៀបចំ ផ.ស.ថ. ឆ្នាំ២០១៩របស់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ជាដើម៕