ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែ កញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំចាប់ផ្តើម (Kick-off Meeting) សម្រាប់ដំណើរបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង LASED II ពាក់កណ្តាលអាណត្តិ និងការរៀបចំគម្រោង LASED III របស់ក្រុមបេសកកម្មធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នាទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ង៉ាន់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមលេខាធិការដ្ឋាន គ.ជ.អ.ប. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង LASED II ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត ដែលបានសហការរួមគ្នាអនុវត្តការងារសំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតដី រហូតទទួលបានលទ្ធផលផ្លែផ្កាដូចសព្វថ្ងៃនេះ ជាពិសេស ធនាគារពិភពលោកដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា តាមរយៈនៃការអនុវត្តគម្រោងរបស់ក្រុមការងារ បានរៀបចំផ្តល់ដីសម្បទានដល់ប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅខេត្តទំាង០៥ បានជាង ១៦.០០០ ហិកតា ស្មើនឹង ៩៥% ព្រមទាំងបានសម្រេចជ្រើសរើសសម្បទានិកបានសរុបជាង ៥.០០០គ្រួសារ ដែលស្មើនឹង៩៧,៤%។ ជាមួយគ្នានេះដែរ គម្រោងបានផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនសម្បទានិកបានជិត ២.០០០គ្រួសារ រួចរាល់ហើយ ស្មើនឹងប្រមាណជាង ៤០% នៃគ្រួសារសម្បទានិកសរុបដែលបានបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ។ ដោយឡែកគ្រួសារដែលមិនទាន់ទទួលបានប័ណ្ណ គម្រោងនឹងរៀបចំបន្តចែកជូននៅត្រឹមដំណាច់ឆ្នាំ២០១៩ នេះបន្ថែម។
ទន្ទឹមនឹងការរៀបចំផ្តល់ដីនិងការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដើម្បីធានាអំពីសុវត្ថិភាពក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លីគម្រោងក៏បានរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗដែលជាតម្រូវការចំាបាច់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលរួមមាន ផ្លូវថ្នល់ សាលារៀន អគារសហគមន៍ ប៉ុស្តិ៍សុខភាព ផ្ទះសម្រាប់គ្រូបង្រៀន និងគិលានដ្ឋាន អណ្តូងទឹក ។ល។ ដែលកិច្ចការនេះយើងសម្រេចបានជារួមស្មើនឹង៥៨% ធៀបទៅនឹងផែនការរយៈពេល ០៥ឆ្នាំរបស់គម្រោង។ លើសពីនេះទៅទៀត យើងក៏បានរៀបចំសំអាតដីកសិកម្ម ភ្ជួរដី ផ្តល់ពូជដំណាំ និងការរៀបចំប្រព័ន្ធស្រោចស្រពខ្នាតតូចសម្រាប់បង្កើនផលិតភាពកសិកម្ម ដើម្បីប្រែក្លាយគ្រួសារដែលគ្មានដី និងខ្វះខាតដីទាំងនោះ ទៅជាគ្រួសារដែលមានដីលំនៅដ្ឋាន និងមានដីសម្រាប់ផលិតកម្មកសិកម្មប្រកបដោយភាពបៃតង និងប្រែក្លាយពីគ្រួសារក្រីក្រ ទៅជាគ្រួសារដែលមានជីវភាពធូរធារប្រកបដោយសុភមង្គល និងក្តីសង្ឃឹមទៅអនាគត។
ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល០៥ឆ្នាំ (២០១៦-២០២១) នៃការអនុវត្តគម្រោងបែងចែងដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ យើងសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់គម្រោងដែលបានដាក់ចេញ បើទោះបីជាយើងបានជួបប្រទះនូវបញ្ហាប្រឈមខ្លះៗយ៉ាងណាក៏ដោយ។ លើមូលដ្ឋានបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តគម្រោង LASED II ធនាគារពិភពលោកគ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រការអនុវត្តគម្រោង LASED III ដែលនឹងត្រូវពង្រីកដល់ខេត្តគោលដៅថ្មីបន្ថែមទៀតនៅភាគឥសាន រួមមាន ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ និងការបន្តគាំទ្រដល់ទីតាំងខេត្តគោលដៅចាស់ផងដែរ ដែលគ្រោងរៀបចំអោយបានរួចរាល់ និងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២០ ខាងមុខនេះ។ គិតមកទល់បច្ចុប្បន្ន យើងបានចុះពិនិត្យទីតាំងដីសម្បទានដែលបានគ្រោងនៅក្នុងខេត្តគោលដៅថ្មីទាំង០៤ ព្រមទាំងបានរៀបចំតែងតាំងសមាសភាពក្រុមការងារសិក្សារៀបចំគម្រោង LASED III និងមន្រ្តីទទួលបន្ទុកវាយតម្លៃផលប៉ះពាល់ផ្នែកសុវត្ថិភាពបរិស្ថាន និងសង្គម ផងដែរ។
ឯកឧត្តមបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវបន្តផ្តោតការយកចិត្តខិតខំរួមគ្នាអនុវត្ត ហើយលេខាធិការដ្ឋាន គ.ជ.អ.ប នៅតែបន្តសហការល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រសើរឡើងនូវការងារអភិវឌ្ឍនៅទីតាំងសម្បទានដីសង្គមកិច្ចទាំងនៅក្នុងខេត្តគោលដៅចាស់ និងខេត្តគោលដៅថ្មី ដែលនឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕