សម្ដេច​ក្រឡាហោម ស ខេង៖ មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៥ វិច្ឆិកា ២០១៦៖ «ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ បាននិងកំពុងធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ស្របតាមទស្សនៈវិស័យ និងគោលដៅនានានៃច្បាប់រៀបចំអង្គការ និងកម្មវិធីជាតិ»។

ភ្នំពេញ ២៥ វិច្ឆិកា ២០១៦៖ «ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ បាននិងកំពុងធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ស្របតាមទស្សនៈវិស័យ និងគោលដៅនានានៃច្បាប់រៀបចំអង្គការ និងកម្មវិធីជាតិ»។

 

នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងពិធីបិទសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៧ របស់ គ.ជ.អ.ប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។

 

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ផ្អែកតាមលទ្ធផលនៃការសិក្សាវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានរៀបចំឡើងដោយក្រុមទីប្រឹក្សាឯករាជ្យដែលគាំទ្រពីសហភាពអឺរ៉ុប នៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញឱ្យឃើញនូវការផ្លាស់ប្ដូរជាវិជ្ជមានជាច្រើននៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈរួមមាន «ក្របខ័ណ្ឌគតិយុត្តចាំបាច់នានាសម្រាប់កិច្ចដំណើរការកំណែទម្រង់ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត។ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យត្រូវបានបង្កើតនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ និងកំពុងប្រតិបត្តិការដោយរលូនក្នុងស្មារតីរៀនផងអនុវត្តផង។ ធនធាន ហិរញ្ញវត្ថុត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ចាត់ចែង និងប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការយល់ដឹងរបស់សាធារណជន និងជាពិសេសក្នុងចំណោមមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអំពីទស្សនទាននៃកំណែទម្រង់ក៏មានការកើនឡើង។ ការងារគណនេយ្យភាពសង្គម និងការប្រាស្រ័យទាក់ទងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ»។

 

សម្ដេចក្រឡាហោម ស ខេង បន្តទៀតថា ក្រុមសិក្សាវាយតម្លៃក៏បានកត់សម្គាល់ផងដែរអំពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហការកាន់តែស៊ីសង្វាក់គ្នារវាងកម្មវិធីកំណែទម្រង់សំខាន់ៗទាំង៣របស់រាជរដ្ឋាភិបាល គឺកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកត្តាចម្បងក្នុងការជំរុញឱ្យការគ្រប់គ្រង រដ្ឋបាលសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឈានទៅសម្រេចបាននូវគោលដៅរួមនៃកម្មវិធីកំណែទម្រង់ទាំងនេះ។

 

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា លទ្ធផលនៃការសិក្សាវាយតម្លៃនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងការរៀបចំ និងអនុវត្តផែនការអនុវត្តដំណាក់កាលទី៣ និងជាពិសេសសម្រាប់ការរៀបចំ និងអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៧ ដែលយើងកំពុងជួបជុំគ្នារៀបចំនាពេលនេះ។

 

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់សាជាថ្មីពីការតាំងចិត្តផ្នែកនយោបាយយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តកំណែទម្រង់ បើទោះបីជាការអនុវត្តកន្លងមកមានលក្ខណៈស្មុគស្មាញ សាំញ៉ាំ និងមានផលប៉ះពាល់ទាំងផ្នែកនយោបាយ និងផ្នែករដ្ឋបាលរបស់ស្ថាប័នទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការអនុវត្តកំណែទម្រង់គឺ ដើម្បីធានាដល់ការឆ្លើយតបទៅនឹងការរីកចម្រើនរបស់សង្គមដែលធ្វើឱ្យមានការកើនឡើងនូវតម្រូវការនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយលក្ខណៈឆ្លើយតប និងកាន់តែទូលំទូលាយបន្ថែមទៀតជូនប្រជាពលរដ្ឋ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់