វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការ​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ

ភ្នំពេញ ៣១ ធ្នូ ២០១៤៖ អង្គការសង្គមស៊ីវិល និងតំណាងរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៤ បានសហការរៀបចំវេទិកាថ្នាក់ជាតិស្ដីពីការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិដើម្បីចែករំលែកបទពិសោធន៍ល្អៗនៃការអនុវត្តគម្រោងគ្រងដីធ្លី ធនធានធម្មជាតិ ពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ។

ភ្នំពេញ ៣១ ធ្នូ ២០១៤៖ អង្គការសង្គមស៊ីវិល និងតំណាងរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៤ បានសហការរៀបចំវេទិកាថ្នាក់ជាតិស្ដីពីការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិដើម្បីចែករំលែកបទពិសោធន៍ល្អៗនៃការអនុវត្តគម្រោងគ្រងដីធ្លី ធនធានធម្មជាតិ ពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ។

 

វេទិកាថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមពីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ២០០នាក់។

 

មានប្រសាសន៍ក្នុងវេទិកានោះ ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) ថ្នាក់ជាតិ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលក្នុងនោះមុខងារ សិទ្ធិ និងការទទួលខុសត្រូវកាន់តែច្រើនឡើងត្រូវបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍បន្តថា ការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចត្រួតពិនិត្យតាមដានសកម្មភាព ការផ្ដល់សេវានៅមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងងាយទទួលបានព័ត៌មានអំពីស្តង់ដារ ថវិកា និងការបំពេញការងារ។ ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ បានផ្ដល់ឱកាសឲ្យអ្នកផ្ដល់សេវា និងអ្នកទទួលសេវាមានឱកាសជួបជជែកពិភាក្សាគ្នាអំពីចំណុចខ្វះខាត និងចាត់អាទិភាព ចំពោះសកម្មភាពជាគន្លឹះនានា ដែលអាចជួយកែលំអការផ្ដល់សេវាសាធារណៈទាំងឡាយ។

 

ពាក់ព័ន្ធបញ្ហាការគ្រប់គ្រងដីធ្លី និងដោះស្រាយទំនាស់ដីធ្លី ឯកឧត្ដមមានប្រសាសន៍ថា តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) បានអនុវត្តទទួលបានលទ្ធផលល្អស្របតាមគោលដៅដែលបានកំណត់ទុក ជាពិសេសបានចូលរួមទប់ស្កាត់រាស់ទំនាស់ និងបាតុភាពផ្សេងៗ ហើយសមិទ្ធផលនេះទទួលបានការគាំទ្រ និងកោតសរសើរជាច្រើនពីម្ចាស់ជំនួយជាបន្តបន្ទាប់។ គម្រោង LASED បានធ្វើការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តគោលដៅចំនួន០៦ រួមមានខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តក្រចេះ បានចំនួនប្រមាណ១៦.០០០ ហិកតា  មានអ្នកទទួលផលប្រមាណ៦.០០០គ្រួសារ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់