ឯកឧត្ដម សក់ សេដ្ឋា៖ អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ដៃគូ​មួយ​យ៉ាង​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​កំណែទម្រង់

ភ្នំពេញ ៨ កុម្ភៈ ២០១៧៖ អង្គការសង្គមស៊ីវិល គឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ព្រោះអង្គការសង្គមស៊ីវិលគឺជាយន្តការមួយជួយជំរុញ និងលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ច និងពង្រឹងអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ឃុំ សង្កាត់ ដែលនៅកៀកជិតប្រជាពលរដ្ឋ…


ភ្នំពេញ ៨ កុម្ភៈ ២០១៧៖ អង្គការសង្គមស៊ីវិល គឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ព្រោះអង្គការសង្គមស៊ីវិលគឺជាយន្តការមួយជួយជំរុញ និងលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ច និងពង្រឹងអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ឃុំ សង្កាត់ ដែលនៅកៀកជិតប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីផ្សព្វផ្សាយគម្រោង «ឃុំបើកទូលាយរបស់ខ្ញុំ» កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

 

ឯកឧត្ដម សក់ សេដ្ឋា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍កត់សម្គាល់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មូលនិធិរបស់អង្គការសង្គមស៊ីវិល ជាច្រើនបានផ្ដោតកាយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដូចជាការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រគណនេយ្យភាពសង្គមជាដើម។ អង្គការសង្គមស៊ីវិល ដៃគូជាច្រើនបានសហការ សម្របសម្រួល និងចូលរួមយ៉ាងសកម្មជាមួយភាគីផ្នែកតម្រូវការ ដូចជាការជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការតាមដានការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់ សាលារៀននិងមណ្ឌលសុខភាពជាដើម និងរួមចំណែកក្នុងការពង្រឹងគុណភាពនៃការផ្ដល់សេវា ប្រសិទ្ធភាព និងគណនេយ្យភាពរបស់អ្នកផ្ដល់សេវាចំពោះប្រជាពលរដ្ឋផងដែរ។

 

ពាក់ព័ន្ធនឹងការអនុវត្តគម្រោង ឃុំបើកទូលាយរបស់ខ្ញុំ ឯកឧត្ដមមានប្រសាសន៍លើកឡើងថា បើពិនិត្យលើគោលបំណង និងទិសដៅរបស់គម្រោងឃើញថា គម្រោងនេះនឹងចូលរួមចំណែកក្នុងការពង្រឹងផ្នែកតម្រូវការ(អ្នកស្វែងរកសេវា) ពិសេសប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ នីមួយៗ តាមរយៈការបង្កើនសម្លេករបស់ប្រជាពលរដ្ឋក្នុងការស្នើសុំឱ្យរដ្ឋបាលឃុំ សង្កាត់ដែលជាផ្នែកផ្គត់ផ្គង់(អ្នកផ្ដល់សេវា) ផ្ដល់ឬឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការរបស់គាត់ និងក៏ពង្រឹងផ្នែកផ្គត់ផ្គង់ដើម្បីឱ្យរដ្ឋបាលឃុំអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។

 

សូមបញ្ជាក់ថា អង្គការភាពជាដៃគូសង្គមស៊ីវិល (CCSP) បានដាក់ឱ្យអនុវត្តគម្រោង “ឃុំបើកទូលាយរបស់ខ្ញុំ ” មានរយៈពេលពីរឆ្នាំ ដោយចាប់ផ្ដើមពីខែកុម្ភៈ ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០១៨ ដោយត្រូវអនុវត្តនៅឃុំ សង្កាត់ចំនួន ១៨០ ក្រុង ស្រុកចំនួន៣០ នៃខេត្តចំនួន០៦ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងខេត្តកំពង់ឆ្នាំង។

 

គម្រោងនេះមានគោលបំណងសំខាន់ចំនួន៣ រួមមាន៖
១. បង្កើនសម្លេកប្រជាពលរដ្ឋដើម្បីស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល
២. បង្កើនការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះការស្នើសុំពីប្រជាពលរដ្ឋ
៣. បង្កើនការគាំទ្រពីសង្គមស៊ីវិលដើម្បីធានាថាបញ្ហាដែលមិនបានដោះស្រាយនៅមូលដ្ឋាន នឹងត្រូវបានចែករំលែកដល់រាជរដ្ឋាភិបាលថ្នាក់ជាតិ និងសង្គមស៊ីវិល៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់