ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អាណត្តិទី២

មណ្ឌលគិរី ៩ មិថុនា ២០១៤៖ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្ត  អាណត្តិទី២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព…

មណ្ឌលគិរី ៩ មិថុនា ២០១៤៖ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្ត  អាណត្តិទី២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អឹុម ឈុនលឹម ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងគណៈប្រតិភូអមដំណើរជាច្រើនរូបទៀត។ 

 

ពិធីនេះក៏មានការចូលរួមពីប្រធាននិងសមាជិកក្រុមប្រឹក្សា គណៈអភិបាល នាយក នាយរងរដ្ឋបាលខេត្ត  ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចំណុះរចនាសម្ព័ន្ធរដ្ឋ     បាលខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុក សរុបចំនួន ១៦៧នាក់ (ស្រី២៣ នាក់)។

 

ជាមួយនឹងការថ្លែងនូវសុន្ទរកថាស្វាគមន៍ប្រកបដោយគារវកិច្ច និងមានភាពកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និង  គណៈប្រតិភូថ្នាក់ជាតិ ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអាននូវរបាយការណ៍សង្ខេបអំពីសមិទ្ធិផលសម្រេចបានក្នុងអាណត្តិទី១របស់ក្រុមប្រឹក្សាជូនអង្គពិធី ។

បន្ទាប់ពីឯកឧត្តម រាជ សុភទ្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ  បានអានព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរីអាណត្តិទី២ ឯកឧត្ដម ញ៉ារាំង   ចាន់  ប្រធានក្រុមប្រឹក្សាខេត្តអាណត្តទី២ បានមានមតិចាប់អារម្មណ៍ និងប្ដេជ្ញាចិត្តថា៖ 

  1. នឹងប្រតិបត្តិដោយភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា អនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើ និងអនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ។ 
  2. ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្ត (ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល) ធ្វើឲ្យរដ្ឋបាលនេះអាចម្ចាស់ការបានក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធាន រាប់ទាំងហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិរបស់ខ្លួន ហើយមានសមត្ថភាពសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍផ្សេងៗទៀត រួមទាំងការផ្តល់សេវា និងការអភិវឌ្ឍដែលធ្វើឡើងដោយស្ថាប័ននានារបស់រាជរដ្ឋាភិបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។
  3. ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល បុគ្គលិក និងទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាតាមប្រភេទ ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្មលើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

 

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ឯកឧត្ដម អឹុម ឈុនលឹម ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានមតិសំណេះសំណាលដោយផ្តោតទៅលើ៖ 

  1.  អំពីការបោះឆ្នោតៈ  ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតសកល និងអសកលចំនួន១២លើករួចមកហើយ ។ ជាក់ស្តែងការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ដែលជាលទ្ធផលសរុបទូទាំងប្រទេសមានចំនួន៣.៣២៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៣៩៣រូប និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌមានចំនួន២.៩៣១រូប ត្រូវបានជ្រើសរើស។ 
  2. អំពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គមៈ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧ ភាគរយក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងឆ្នាំ២០១២ អត្រានៃភាពក្រីក្របានកាត់បន្ថយមកនៅត្រឹមកម្រិតចំនួន ១៨,៦ ភាគរយ   អត្រាមរណៈភាពមាតាក្នុងការផ្តល់កំណើតទារក១០០.០០០នាក់  បានកាត់បន្ថយពី ៤៧២នាក់ នាឆ្នាំ២០០៥  មកត្រឹមចំនួន២០៦នាក់ ក្នុងឆ្នាំ២០១២ និងការចុះឈ្មោះរបស់កុមារចូលរៀននៅថ្នាក់បឋមសិក្សាបានកើនឡើងពី ៨១ភាគរយ នៅឆ្នាំ២០០១  ដល់៩៤,៣ ភាគរយនៅឆ្នាំ២០១២ ។ 
  3. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការៈ យើងបានកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋានជាច្រើនសម្រាប់អនុវត្តច្បាប់រៀបចំអង្គការ និងបានរៀបចំកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩)។ រចនាសម្ព័ន្ធ  និងប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិត្រូវបានរៀបចំកែសម្រួល និងបានធ្វើសមាហរណកម្មមន្រ្តីរាជការជិត១០.០០០នាក់ ទៅក្នុងរចនាសម្ព័ន្ធថ្មីនេះ។ រយៈពេល៥ឆ្នាំកន្លងមករាជរដ្ឋាភិបាលបានផ្ទេរថវិកាជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ ៣.៩៦៩.៤៣៦.៨៣០.០០០រៀល គឺជិត១.០០០លានដុល្លារសហរដ្ឋអាមេរិកនៅទូទាំងប្រទេស។ និងក្រៅពីនេះយើងក៏បានពង្រឹងប្រព័ន្ធគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំឲ្យមានផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ  ប្រព័ន្ធគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សផងដែរ។ 

 

នៅចុងបញ្ជប់ឯកឧត្ដមទេសរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើក្រុមប្រឹក្សាខេត្តអាណត្តិថ្មីឲ្យយកចិត្តទុកដាក់អនុវត្តកិច្ចការបន្ទាន់ និងចាំបាច់នានាបន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងនេះ ព្រមទាំងផ្តោតជាសំខាន់ទៅលើកិច្ចការជាអាទិភាពចំបងគឺការផ្តល់សេវាសាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់