រដ្ឋមន្ត្រី​៖ បញ្ហា​ឌី​ណា​មិ​ក​ប្រជាសាស្ត្រ ដាក់បញ្ចូល​ទៅ​ក្នុង​ការ​ធ្វើ​ផែនការ​អភិវឌ្ឍ​តាម​វិស័យ (CEN)

ភ្នំពេញ ២៩ មិថុនា ២០១៥៖ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា ឌីណាមិកប្រជាសាស្ត្រជាបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍជាលក្ខណៈអន្តរវិស័យ និងមានចរិកពហុវិស័យ។ យើងទទួលស្គាល់ថា ការបញ្ចូលបញ្ហាប្រជាសាស្ត្រទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍តាមវិស័យគឺជាការចាំបាច់។

 

ភ្នំពេញ ២៩ មិថុនា ២០១៥៖ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា ឌីណាមិកប្រជាសាស្ត្រជាបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍជាលក្ខណៈអន្តរវិស័យ និងមានចរិកពហុវិស័យ។ យើងទទួលស្គាល់ថា ការបញ្ចូលបញ្ហាប្រជាសាស្ត្រទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍តាមវិស័យគឺជាការចាំបាច់។

 

ក្នុងពិធីបើកសិក្ខាសាលាអន្តរក្រសួង កម្រិតបច្ចេកទេសដើម្បីពិភាក្សាលើសេចក្ដីព្រាង “គោលនយោបាយជាតិប្រជាជនកម្ពុជាឆ្នាំ២០១៥” នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្ដម ឆាយ ថន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា គោលនយោបាយជាតិប្រជាជនត្រូវបានគិតគូរដល់ការបញ្ចូលបញ្ហាប្រជាសាស្ត្រ ដោយមានលក្ខណៈប្រទាក់ក្រឡាគ្នាទៅក្នុងវិស័យជាច្រើន។ ទន្ទឹមនឹងនេះ គោលនយោបាយជាតិប្រជាជន បានពិនិត្យមើលអំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍ សង្គមកិច្ច សេដ្ឋកិច្ច និងប្រជាសាស្ត្រ បានវិភាគអំពីផលវិបាកចម្បងៗផ្នែកប្រជាសាស្ត្រ មកលើការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយក៏បានកំណត់ឡើងនូវការតម្រង់ទិសមួយចំនួន ដែលមានលក្ខណៈគោលនយោបាយ និងកម្មវិធី។

 

ឯកឧត្ដម បានបន្តទៀតថា វឌ្ឍនភាពដ៏ឆាប់រហ័សបានធ្វើឡើងទាំងក្នុងវិស័យសង្គមកិច្ច ទាំងក្នុងវិស័យសេដ្ឋកិច្ច។ ការអប់រំរបស់សិស្សប្រុស និងសិស្សស្រី ត្រូវបានប្រសើរឡើងជាលំដាប់ ដោយបានកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុងវិស័យអប់រំ។ សេដ្ឋកិច្ចជាតិមានការរីកលូតលាស់ យ៉ាងឆាប់រហ័ស ទាំងបរិមាណ ទាំងគុណភាព (GDP) ក្នុងប្រជាជនម្នាក់បានកើនឡើងពី៣៦៧ ដុល្លារ ក្នុងឆ្នាំ២០០៣ ដល់១.០៤២ ដុល្លារ ក្នុងឆ្នាំ២០១៣ និងប៉ាន់ស្មានថាមានជាង១.១០០ ដុល្លារ ក្នុងឆ្នាំ២០១៤។ អត្រាភាពគ្មានការងារធ្វើត្រូវបានរក្សាឲ្យក្នុងកម្រិតមួយ ដែលមិនប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ កម្រិតនៃលទ្ធភាពផ្ដល់កំណើត និងមរណភាព ត្រូវបានធ្វើឲ្យធ្លាក់ចុះយ៉ាងច្រើន។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ននេះកម្ពុជាកំពុងជួបប្រទះនឹងបរិការណ៍ប្រជាសាស្ត្រីថ្មីមួយ ដែលមិនធ្លាប់មានពីមុន ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ពោលគឺកំពុងមានប្រជាជនយ៉ាងច្រើនដែលស្ថិតក្នុងវ័យការងារ ហើយស្ថានភាពនេះ បង្កឲ្យមានលំហូរយ៉ាងធំដែលមិនធ្លាប់មានពីមុន និងមិនថមថយ នៃចំណាកស្រុករបស់យុវជនពីតំបន់ជនបទទៅតំបន់ជនបទ និងពីតំបន់ទីប្រជុំជនទៅតំបន់ទីប្រជុំជន ដើម្បីស្វែងរកការងារដោយចំនួនភាគច្រើននៃជនចំណាកស្រុក បានមករាជធានីភ្នំពេញ ជាទីដៅចុងក្រោយដែលទាំងនេះ បានបណ្តាលឲ្យប្រជាជននៅរាជធានីភ្នំពេញ ជិតស្មើនឹងបីភាគប្រាំ នៃប្រជាជនតំបន់ទីប្រជុំជនទូទាំងប្រទេស។ ទិដ្ឋភាពប្រជាសាស្ត្រដ៏សំខាន់មួយ ដែលយើងគួរពិនិត្យមើលនៅពេលនេះ គឺថាកម្ពុជាកំពុងឆ្លងកាត់អន្តរកាលប្រជាសាស្ត្រ មួយដ៏ឆាប់រហ័ស ដោយមានចំនួនយុវជនច្រើន និងប្រជាជនចាស់ច្រើនក្នុងពេលតែមួយ។

 

ក្នុងបរិការណ៍នេះ យើងទទួលស្គាល់ថា យើងបានមកដល់ពេលវេលាមួយដ៏សមស្រប ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនក្នុងគោលបំណងទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដោយចាត់ទុកឌីណាមិកប្រជាសាស្ត្រ ជាបញ្ហាស្នូលដែលជះឥទ្ធិពលដល់ការអភិវឌ្ឍគោលនយោបាយជាតិប្រជាជនថ្មីនេះ។

 

សូមបញ្ជាក់ថា ជាងមួយសតវត្សរ៍កន្លងទៅ គិតចាប់តាងពីឆ្នាំ២០០៣មក ក្នុងបរិការណ៍ គោលនយោបាយជាតិប្រជាជន ឆ្នាំ២០០៣ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាលក្ខណៈពហុវិស័យ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដូចជាកំណើនប្រជាជនខ្ពស់ លទ្ធភាពផ្ដល់កំណើតខ្ពស់ អត្រាភាពក្រីក្រខ្ពស់ដែលជាផលវិបាកនៃភាពងាយរងគ្រោះ ផ្នែកប្រជាសាស្ត្រ កម្រិតទាបនៃការអភិវឌ្ឍធនធាន មនុស្ស វិសមភាពយេនឌ័រ និងសម្ពាធប្រជាជន ទៅលើធនធានធម្មជាតិជាដើម៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ CEN

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់