ក្រសួង​សុខាភិបាល​នឹង​ចាត់​វិធានការ​រួម​ក្នុង​ការ​ត្រួតពិនិត្យ​សេវា​ឯកជន​ និង​ស្ថាប័ន​សុខភាព​ខុស​ច្បាប់

ភ្នំពេញ ២៨ មករា ២០១៥៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងនឹងចាត់វិធានការរួមដើម្បីត្រួតពិនិត្យសេវាឯកជន និងស្ថាប័នសុខភាពខុសច្បាប់ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែរឹងមាំ សម្រាប់ជាទំនុកចិត្តដល់ប្រជាជនរត់មករកសេវាជាតិរបស់យើង។

ភ្នំពេញ ២៨ មករា ២០១៥៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងនឹងចាត់វិធានការរួមដើម្បីត្រួតពិនិត្យសេវាឯកជន និងស្ថាប័នសុខភាពខុសច្បាប់ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែរឹងមាំ សម្រាប់ជាទំនុកចិត្តដល់ប្រជាជនរត់មករកសេវាជាតិរបស់យើង។

 

នៅក្រោយការបំភ្លឺចំពោះមុខគណៈកម្មការទី៨នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភាពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃការរីករាលដាលមេរោគអេដស៍ និងលទ្ធផលជាជំហានដំបូងនៃការអង្កេតស្រាវជ្រាវករណីការឆ្លងមេរោគអេដស៍នៅក្នុងភូមិរកា ឃុំរកាស្រុកសង្កែ ខេត្តបាត់ដំបង និងវិធានការអនុវត្តន៍បន្ត ឯកឧត្តម ម៉ម ប៊ុនហេង បានបា្រប់ក្រុមអ្នកយកព័ត៌មានថា នៅក្នុងចំណោមគ្រូពេទ្យជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា កំពុងតែប្រកបមុខរបរពេទ្យដោយគ្មានការអនុញ្ញាត។ ការចាក់ម្ជុលតែមួយទៅលើមនុស្សច្រើននាក់អាចឆ្លងមេរោគអេដស៍ពីម្នាក់ទៅម្នាក់ ដូចករណីគ្រូពេទ្យប្រចាំភូមិរកាត្រូវបានគេស្តីបន្ទោស ដោយបានអះអាងថាគាត់ ប្រើម្ជុលតែមួយចាក់ថ្នាំទៅលើអ្នកជំងឺច្រើននាក់ ដែលជាមូលហេតុធ្វើ ឱ្យមានការឆ្លងរាលដាលជំងឺអេដស៍ទូទាំងភូមិរកា។

 

គិតមកត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅភូមិរកា ប្រមាណ២២៦នាក់ត្រូវបានរកឃើញថាបានឆ្លងមេរោគអេដស៍ទាំងចាស់ ទាំងក្មេង ដែលបណ្តាលមកពីការចាក់ម្ជុលរួមគ្នារបស់គ្រូពេទ្យគ្មានជំនាញប្រចាំភូមិរកា។

 

ឯកឧត្តម ម៉ម ប៊ុនហេង ថ្លែងថា កិច្ចប្រជុំពេលនេះគឺដើម្បីរួមគ្នាទាំងរាជរដ្ឋាភិបាល ទាំងក្រសួងសុខាភិបាល ទាំងសភាជាតិរិះរក វិធានការជួយដល់អ្នកភូមិរកាដែលឆ្លងមេរោគអេដស៍ទាំងអស់។ ជា មួយនឹងការស្នើឱ្យរាជរដ្ឋាភិបាលជួយដល់អ្នកភូមិរកា ក្រសួងក៏បានចាត់មន្ត្រីជំនាញផ្តល់ប្រឹក្សា និងផ្តល់ថ្នំាប្រឆាំងមេរោគអេដស៍ដល់អ្នកផ្ទុកមេរោគអេដស៍ទំាងនោះបានជាប្រចាំផងដែរ។

 

លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានលើកឡើងដែរថា នៅក្នុងជំនួបជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គណៈកម្មការរដ្ឋសភាបានស្នើឱ្យរាជរដ្ឋាភិបាល ដើម្បីបង្កើត កញ្ចប់ថវិកាពិសេសជួយទៅដល់អ្នកឆ្លងមេរោគអេដស៍នៅភូមិរកាដែលកញ្ចប់ថវិកាពិសេសនោះ សម្រាប់យកទៅប្រើប្រាស់ផ្នែកខាងជីវភាព និងព្យាបាលដល់ពួកគាត់កំពុងតែខ្វះខាត។

 

លោកជំទាវបាន បញ្ជាក់ថា ករណីកើតមានជំងឺអេដស៍ឆ្លងដល់ប្រជាពលរដ្ឋនៅភូមិរកា គឺជាករណីគួរឱ្យសោកស្តាយ ហេតុនេះហើយបានជាគណៈកម្មការទី៨ នៃរដ្ឋសភាស្នើសុំឱ្យរាជរដ្ឋាភិបាលធ្វើការកែទម្រង់ប្រព័ន្ធសុខាភិបាលឡើងវិញ ដែលក្នុងនោះរៀបចំត្រួតពិនិត្យគ្រូពេទ្យឱ្យស្របតាមវិជ្ជាជីវៈ ឱ្យមានការគោរពក្រមសីលធម៌ជាគ្រូពេទ្យចំពោះអ្នកជំងឺ ហើយគ្លីនិក ឯកជនមួយចំនួនដែលពុំមានច្បាប់ និងមន្ទីរពេទ្យបង្អែកសុខភាព ដែលមានមូលដ្ឋាននៅគ្រប់ទីកន្លែងទាំងអស់ ក៏ត្រូវធ្វើការត្រួតពិនិត្យ ឡើងវិញ ចៀសវាងការកើតមានបញ្ហានេះតទៅទៀត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=105313

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់