ឯកឧត្ដម ជា សុផារ៉ា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមការងារ កម្មវិធី​ទឹក​ស្អាត​និង​អនាម័យ​ប្រចាំ​តំបន់​អាស៊ី នៃ​ធនាគារ​ពិភពលោក

ភ្នំពេញ ១៨ មីនា ២០១៥៖ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Almud Weitz ប្រធានក្រុមការងារ កម្មវិធីទឹកស្អាតនិងអនាម័យប្រចាំតំបន់អាស៊ី នៃធនាគារពិភពលោកនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

ភ្នំពេញ ១៨ មីនា ២០១៥៖ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Almud Weitz ប្រធានក្រុមការងារ កម្មវិធីទឹកស្អាតនិងអនាម័យប្រចាំតំបន់អាស៊ី នៃធនាគារពិភពលោកនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

នៅក្នុងជំនួបនេះ ឯកឧត្ដម ជា សុផារ៉ា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោកស្រី Almud Weitz និងគណៈប្រតិភូ និងបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារពិភពលោកដែលបានរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទនៅប្រទេសកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងមានសំណាងល្អដោយទទួលបានការចូលរួមយ៉ាងសកម្ម ពីធនាគារពិភពលោកលើកម្មវិធីទឹកស្អាត និងអនាម័យជនបទ ដើម្បីជួយឲ្យប្រជាពលរដ្ឋជាពិសេសស្ត្រី និងកុមារមានសុខភាពល្អ មានពេលវេលាប្រកបមុខរបរ និងធ្វើឲ្យសហគមន៍មានបរិស្ថានល្អ។

 

ឯកឧត្តម ក៏បានបញ្ជាក់ដែរថាកម្មវិធីទឹកស្អាត និងអនាម័យជនបទនៅកម្ពុជាទទួលបានលទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលបានកំណត់ថាត្រឹមឆ្នាំ២០១៥ កម្ពុជាត្រូវផ្គត់ផ្គង់ទឹកស្អាត់ឲ្យបាន៥០% និងការងារអនាម័យឲ្យបាន៣០%។ ជាក់ស្តែង គិតមកត្រឹមឆ្មាំ ២០១៣ ការផ្គត់ផ្គង់ទឹកជនបទសម្រេចបាន ៤៩% ហើយការងារអនាម័យសម្រេចបាន៣៨,៥%។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាប់បន្ថែមពីគោលជំហររបស់ក្រសួងថា ក្រសួងនឹងខិតខំជំរុញបន្ថែមទៀតដើម្បីឈានទៅសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ផ្នែកទឹកស្អាត និងអនាម័យក្នុងឆ្នាំ ២០២៥ ដោយក្រសួងនៅតែត្រូវការការគាំទ្រ និងសហការល្អ ពីដៃគូអភិវឌ្ឍន៍និងអង្គការពាក់ព័ន្ធនានាជាចាំបាច់។

 

ទន្ទឹមគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឲ្យធនាគារពិភពលោក បន្តការគាំទ្របច្ចេកទេសក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពជាតិសម្រាប់វិស័យទឹកស្អាត និងអនាម័យជនបទដើម្បីសម្រេចបានទិសដៅឆ្នាំ២០១៨ (៦០%) និង ឆ្នាំ២០២៥ (១០០%) និងបន្តគាំទ្រការអនុវត្តគម្រោងការអនុវត្តសាកល្បងការផ្ទេរមុខងារអនាម័យជនបទ ដោយជួយពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ ជួយជំរុញឲ្យអង្គការ និងដៃគូអភិវឌ្ឍន៍ននា ដែលពាក់ព័ន្ធឲ្យចូលរួមពិភាក្សា និងធ្វើការរួមគ្នា និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។

 

នៅក្នុងឱកាសនោះដែរ លោកស្រី Almud Weitz បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តរដ្ឋមន្ត្រី និងបានអបអរសាទរចំពោះការងារលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ ដែលទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រី ក៏បានបង្ហាញនូវសេចក្តីរីករាយចំពោះទំនាក់ទំនងការងារល្អជាមួយក្រសួង និងបានបញ្ជាក់ថា ទឹកស្អាតនិងអនាម័យ គឺកត្តាសារៈសំខាន់សម្រាប់លើកកម្ពស់សុខភាព ការអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ច។

 

ជាការឆ្លើយតបនិងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីខាងលើ លោកស្រី បានបញ្ជាក់បន្ថែមថា ដោយមើលឃើញច្បាស់ពីទស្សនវិស័យ បេសកកម្ម និងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួង ធនាគារពិភពលោករីករាយនឹងចូលរួមគាំទ្រលើការងារទឹកស្អាត និងអនាម័យរបស់ក្រសួងដើម្បីអនុវត្តឲ្យបានជោគជ័យនៅពេលអនាគត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់