មន្ត្រី​ជំនាញ​ស្វះស្វែង​បង្កើន​ការផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជាពលរដ្ឋ នៅ​ជនបទ​អំពី​បញ្ហា​អនាម័យ

ភ្នំពេញ ១៩ កុម្ភៈ ២០១៥៖ បើយោងតាមប្រសាសន៍របស់លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួង អភិវឌ្ឍន៍ជនបទ ដែលថ្លែងកាលពីល្ងាចថ្ងៃច័ន្ទទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តជំរុញឲ្យ ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីបញ្ហាអនាម័យ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ។

 

ភ្នំពេញ ១៩ កុម្ភៈ ២០១៥៖ បើយោងតាមប្រសាសន៍របស់លោក ជ្រាយ ប៉ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលថ្លែងកាលពីល្ងាចថ្ងៃច័ន្ទទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តជំរុញឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីបញ្ហាអនាម័យ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ។

 

លោក ជ្រាយ ប៉ុម បានកត់សម្គាល់ថា ក្នុងរយៈពេលបួនប្រាំឆ្នាំចុងក្រោយនេះ ការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋដែលងាកមកប្រកាន់ខ្ជាប់នូវអនាម័យ មានភាពប្រសើរឡើងច្រើន។

 

លោក ជ្រាយ ប៉ុម មានប្រសាសន៍ថា ពីមុនប្រជាពលរដ្ឋមួយចំនួនគិតថាការបត់ជើងខាងក្រៅបង្គន់ គឺជារឿងធម្មតា ក៏ប៉ុន្តែក្រោយពេលដែលក្រុមមន្ត្រីបានចុះផ្សព្វផ្សាយក៏ដូចជាបើកវគ្គបណ្តុះបណ្តាល និង ការណែនាំដើម្បីឲ្យពួកគាត់យល់ថាអនាម័យល្អមានប្រយោជន៍សម្រាប់ក្រុមគ្រួសារ សហគមន៍ និង កូនចៅពួកគាត់ជំនាន់ក្រោយរួចមក ពួកគាត់ក៏មានការផ្លាស់ប្តូរទម្លាប់បែបនោះតែម្តង។

 

លោកបញ្ជាក់ថា ដើម្បីធ្វើឲ្យពួកគាត់មានការផ្លាស់ប្តូរទម្លាប់បែបនោះ គឺទាមទារនូវពេលវេលារួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផងដែរ។

 

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងតែខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទទាំងអស់ទទួលបានសេវាទឹកស្អាត និងអនាម័យគ្រប់គ្រាន់នៅឆ្នាំ ២០២៥។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ ធ្លាប់បានផ្សាយថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការភ្លែន បានបង្ហាញថា កុមាររស់នៅតំបន់ជនបទដែលមានអាយុក្រោម៥ឆ្នាំ ប្រមាណជា៤០ % មានការលូតលាស់មិនល្អ និងបណ្ដាលឱ្យកុមារក្រិនដោយសារតែកង្វះអនាម័យ និងការបន្ទោរបង់ពាសវាលពាសកាលគ្មានបង្គន់អនាម័យប្រើប្រាស់៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍បាយ័ន៖ http://edition.bayontv.com.kh/bayontv-national-news/38687-2015-02-17-08-37-47.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់